ភ្នំពេញ៖ បុរសម្នាក់ដែលជាថៅកែយីហោ រតនៈរចនាម៉ូដ ដែលបានប្រើអំពើហិង្សាទៅលើបុរសអ្នករ៉ឺម៉កម៉ូតូបណ្តាលឲ្យបាក់ដៃ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួន ។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតធ្ងន់រាជធានីភ្នំពេញបាននាំខ្លួនជនបង្កឈ្មោះ ពៅ រតនៈ អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ជីម ចាន់រ៉ា អាយុ២៩ឆ្នាំ ជាថៅកែហាងវាំងនន យីហោ រតនៈរចនាម៉ូដ ទៅធ្វើសកម្មភាពស្ដីពីការប្រើអំពើហិង្សាទៅលើបុរសឈ្មោះ យឹម សុខុម អាយុ៥០ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃម្ខាង និងសន្លប់នៅនឹងកន្លែងកើតហេតុ។
បើតាមសម្ដីស្ត្រីឈ្មោះជីម ចាន់រ៉ា ជាប្រពន្ធឈ្មោះពៅ រតនៈ បានអះអាងប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុប្ដីរបស់គាត់បានជិះរថយន្តមកពីលេងមិត្តភក្ដិដល់មុខផ្ទះឃើញបុរសរងគ្រោះចតរ៉ឺម៉កម៉ូតូធ្វើឲ្យប្ដីបត់រថយន្តចូលផ្ទះមិនបានក៏ដេញឲ្យបុរសខាងលើអូសរ៉ឺម៉កចេញ តែបុរសនេះមិនព្រមចេញទេថែមទាំងជេរបញ្ចោរប្ដីគាត់ទៀតផង។ ប៉ុន្តែដោយសារអ្នករត់រ៉ឺម៉កម៉ូតូផឹកស្រវឹងខ្លាំងនិយាយគ្នាស្ដាប់មិនបានក៏បង្កើតជាជម្លោះឡើងរហូតធ្វើប្ដីគាត់ទ្រាំមិនបានក៏យកឈើជ្រុងវាយគ្នាទៅវិញទៅមករហូតជ្រុលដៃត្រូវបុរសរត់រ៉ឺម៉កម៉ូតូបណ្តាលឲ្យដួលសន្លប់ និងបាក់ដៃម្ខាងតែម្តង។
ស្ត្រីរូបនេះឲ្យដឹងទៀតថា បន្ទាប់ពីមានជម្លោះនេះកើតឡើងក្រុមគ្រួសាររបស់គាត់បានចរចាជាមួយក្រុមគ្រួសាររងគ្រោះដោយគាត់សុខចិត្តផ្តល់សំណងចំនួន៧៥០ដុល្លារទៅគ្រួសារនេះ ដើម្បីបញ្ចប់រឿងទៅហើយ ប៉ុន្តែមិនដឹងមានរឿងហេតុអីស្រាប់តែកម្លាំងនគរបាលមកចាប់ខ្លួនប្ដីគាត់បែបនេះឡើយ។
ដោយឡែកសាក្សីដែលឃើញហេតុការណ៍នេះបាននិយាយថា បើទោះបីជារឿងនេះកើតឡើងដោយសារគេចតរ៉ឺម៉កម៉ូតូនៅមុខផ្ទះរបស់ខ្លួនក៏ដោយគឺគេចតនៅលើផ្លូវសាធារណៈទេ មិនគួរណាម្ចាស់ផ្ទះប្រើអំពើហិង្សាបែបនេះឡើយ។
ចំណែកមន្ត្រីនគរបាលយុត្តិធម៌បាននិយាយថា បើទោះបីជាភាគីបង្កបានសងប្រាក់ចំនួន៧៥០ដុល្លារទៅជនរងគ្រោះក៏ពិតមែន ប៉ុន្តែរឿងហិង្សានេះនៅតែប្រឈមមុខនឹងច្បាប់ ជាមួយនឹងបណ្ដឹងអាជ្ញានៅឡើយ៕
ដោយ៖ ស រស្មី