ភ្នំពេញ៖ គូរស្នេហ៍វ័យក្មេងមួយគូបាននាំគ្នារត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃ ពេលឪពុកម្ដាយតាមរកឃើញចាប់ចូលក្នុងឡាន រួចបានយកមកប្រគ្រល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ តែពេលប្រជាពលរដ្ឋឃើញសង្ស័យថាជាករណីចាប់ជំរិតមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្តកិច្ចទាំង១២ខណ្ឌ ធ្វើការស្វែងរក ។
ករណីគូស្នេហ៍រត់ចេញពីផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវបេតុង នៅម្តុុំផ្ទះជួល មុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ក្មេងស្រីមានឈ្មោះ គោក ចិន្ដា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ នៅវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំនើតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ចំណែកយុវជនដែលជាសង្សារមានឈ្មោះ ជា ភក្កី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំនើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមរជ ខេត្តព្រៃវែង។
តាមសម្ដីរបស់ម្ដាយខាងស្រីបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦កាលពីវេលាម៉ោង៤រសៀល រូបគាត់បានត្រលប់មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះ ពេលនោះគាត់បានដើររកតែរកមិនឃើញ ក៏បានអ្នកនៅជិតខាងមកប្រាប់គាត់ថា កូនរបស់គាត់មានមនុស្សប្រុស២នាក់មកដឹកយកទៅបាត់ហើយ ពេលនោះរូបគាត់បានមកផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានជាដំណឹង។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់បានដំណឹងថាកូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួន នៅម្ដុំផ្សារទួលពង្រ ពេលពួកគាត់ជាឪពុកម្ដាយបាននាំគ្នាទៅរកកូននៅកន្លែងខាងលើ ក៏ប្រទះឃើញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នាចាប់ដាក់ចូលក្នុងឡាន នាំទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ នៅពេលសាកសួរយុវជនរូបនោះបានសារភាពថា រូបគេបានទំនាក់ទំនងស្នេហាជាមួយគ្នាជិត២ខែមកហើយតែនៅពេលដែលពួកគេនាំគ្នារត់ទៅនោះគឺមាននារីម្នាក់ទៀតដែលរស់នៅផ្ទះជិតគ្នា តែនារីម្នាក់ទៀតត្រូវបានសង្សារនាងបាននាំទៅលាក់ខ្លួនបន្តទៀតហើយ នៅសល់តែរូបគេនិងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅឲ្យសមត្ថកិច្ចតែម្ដង។ រីឯខាងក្មេងស្រីរងគ្រោះវិញ មិននិយាយស្តីអ្វីទាំងអស់គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះនៅចំពោះមុខសមត្ថកិច្ច។
ក្រោយពេលកើតហេតុម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើយុវជនរូបនោះឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធីនៃច្បាប់ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...