ភ្នំពេញ ៖ សង្គមស៊ីវិលសាទរនឹងក្រុមហ៊ុនចិនមួយ ដែលចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅនៅកម្ពុជា ហើយសង្ឃឹមថា នឹងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ជាក់ស្តែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។
ជុំវិញជំនួបនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី៧ ខែឧសភា ថា «ក្នុងនាមសង្គមស៊ីវិល ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា និងចិនដែលបានរក្សាទំនាក់ទំនងការទូតរយៈពេល៦៧ឆ្នាំ ប្រកបដោយផ្លែផ្កាយ៉ាងខ្លាំងក្លា ហើយគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតឆៅនេះ គឺជាការចាក់បញ្ចូលនូវសមត្ថភាពពេញលេញគ្រប់ជ្រុងជ្រោយលើផ្នែកឧបករណ៍បច្ចេកវិទ្យា ស្ថាបត្យកម្មនៃការសាងសង់ និងប្រតិបត្តិការលើគម្រោងទាំងមូលស្របតាមនិយាមវិទ្យាសាស្រ្តទាន់សម័យកាល របស់ប្រទេសចិន ក្នុងសង្គមកម្ពុជា»។
លោកបន្តថា «គម្រោងនេះនឹងនាំមកមិនត្រឹមតែជាឱកាសការងារជូនដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបាននាំមកកម្ពុជានូវបច្ចេកវិទ្យាទំនើប និងបង្កើនកិត្តិនាមជូនកម្ពុជាក្នុងក្របខណ្ឌវិស័យចម្រាញ់ប្រេងកាតឆៅថែមទៀតផង។ ក្នុពេលដែលគម្រោងចម្រាញ់ប្រេងឆៅកម្រិតអន្តរជាតិនឹងត្រូវបានសាងសង់ ក្នុងប្រទេសកម្ពុជា វានឹងអាចពង្រឹងសន្តិសុខថាមពល និងសុវត្ថិភាពថាមពលរបស់កម្ពុជា។ បន្ថែមពីលើនេះ តាមរយៈការរួមបញ្ចូលគ្នានៃឧស្សាហកម្មចម្រាញ់ប្រេងកាតឆៅ និងវត្ថុធាតុដើមជាមូលដ្ឋានដែលមានតម្លៃទាបអាចផលិតបាន ដែលជំរុញឱ្យមានការអភិវឌ្ឍនៃឧស្សាហកម្មផលិតកម្មខាងក្រោមដូចជា វាយនភ័ណ្ឌ សម្ភារៈសំណង់ជាដើម»៕
ប្រភព ៖ «CCFR China state-controlled media »