ស្នងការខេត្តកំពង់ធំច្រានចោលការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ចែករំលែក៖

ខេត្តកំពង់ធំ÷ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ បានចេញមកទាត់ចោលការចោទប្រកាន់របស់លោក សុន ឆ័យ ដែលថា ការផាកពិន័យរឿងបើកបរលើសល្បឿនកំណត់នៅគោលដៅខេត្តកំពង់ធំ បានធ្វើឡើងមិនត្រឹមត្រូវ។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់។

គួរបញ្ជាក់ថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បានសរសេរសាររិះគន់ និងចោទប្រកាន់ប៉ូលីសចរាចរណ៍អនុវត្តច្បាប់ចាប់ល្បឿនក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។លោកបានលើកឡើងថា៖ «ប្រទះឃើញ កុងត្រូលចាប់ល្បឿនរថយន្ត ម្តុំគីឡូលេខ 200 ផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ។ ល្បឿនកំណត់ 80 ក្នង 1ម៉ោង។ នៅទីនេះ អ្នកបើកលើស ពី 80 ដល់ 89 ត្រូវពិន័យ 12ម៉ឺនរៀល ចំពោះអ្នកបរលើសល្បឿនពី 90 ទៅ 99K ត្រូវពិន័យ 24ម៉ឺនរៀល។ តែបើសម្រួលក្រៅផ្លូវការ យកតែ4ម៉ឺនរៀលទេ។ តាមដឹង ការអនុវត្តច្បាប់ ការបើកបរលើសពីល្បឺនកំណត់ 1ឬ2 k មិនត្រូវផាកពិន័យទេ។ មានការគំរាមមិនឲ្យថតរូបទេ»។

ក្រោយការរិះគន់ និងចោទប្រកាន់នេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញមកអះអាងឱ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យល្បឿន គឺអនុវត្តតាមគោលការណ៍ និងកម្មវិធីត្រួតពិនិ្យដែលមានការឯកភាពពីថ្នាក់ដឹកនាំត្រឹមត្រូវ មិនមែនជាការដាក់កុងត្រូលជជុះទេ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា៖ «ការអនុវត្តច្បាប់ៈផ្អែកតាមអនុក្រឹត្យលេខ ៣៩ បានចែងកំណត់អំពីអំពើល្មើសល្បឿនពី1kmដល់19km/1hត្រូវពិន័យអន្តរកាណ៍ជាប្រាក់១២០,០០០រៀល និងដកពិន្ទុប័ណ្ណបើកបរ១ពិន្ទុ។ដោយឡែករថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8514បើកល្បឿន 93Km/1h លើសល្បឿនកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ១៣km/១h ត្រូវពិន័យចំនួន១២០,០០០រៀល តែអ្នកបើកបរមិនបាននិយាយតវ៉ាអ្វីទេគ្រាន់តែទម្លាក់លុយ៤០,០០០រៀល នៅលើតុ ហើយដើរចេញទៅ នគរបាលជំនាញយើងធ្វើការឃាត់មិនទាន់។ ចំពោះរថយន្តម៉ាក RX330ពណ៌ ផ្ទៃមេឃ ភ្នំពេញ2AS-9132  បើកបរដោយបុរសម្នាក់ជាអ្នកបើកបររថយន្តរបស់ លោក ស៊ុន ឆ័យ ល្មើសល្បឿន18km/1h ពេលនោះនគរបាលចរាចរណ៍យើងបានសុំប័ណ្ណបើកបរដើម្បីធ្វើការត្រួតពិនិត្យ ហើយបានធ្វើការអប់រំ និងអញ្ជើញឲ្យគាត់បន្តដំណើរ»។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ បញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍មិនមានការផាក ពិន័យ ២៤០,០០០រៀល ដូចការលើកឡើងរបស់លោក សុន ឆ័យ ឡើយ។ ដោយឡែក ចំពោះការថតរូបភាពវិញ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អះអាងថា ការថតរូបនៅគោលដៅត្រួត ពិនិត្យល្បឿនរបស់នគរបាល  មិនបានគំរាមអ្នកថតឡើយ តែបានសំណូមពរកុំឱ្យថត ព្រោះនគរបាលកំពុងបំពេញភារកិច្ច។

...

ហេតុដូច្នេះហើយ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ បានចាត់ទុកការបង្ហោះរបស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់ លាស់ ហើយស្នើដល់សាធារណជនមេត្តាជ្រាបនិងស្នើទៅលោក សុន ឆ័យ ចុះផ្សាយកែតម្រូវឡើងវិញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print