Update ៖ អតីតសណ្ឋាគារអង្គរមានជ័យ មានសភាពទ្រុឌទ្រោមកាន់តែខ្លាំងទៅៗ ក្រសួងទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋ៤គ្រួសារប្រញាប់រើចាកចេញ

ចែករំលែក៖

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះ០៥ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំ ហើយ។ 

អគារនេះមានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។

ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួង ដ.ន. ស. បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនា សម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹង បង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ក្នុងន័យនេះ ផ្អែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម÷

១. សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវ បញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួល ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន ៤គ្រួសារ។

២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

៣. ក្រសួង ដ.ន.ស. នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ៤គ្រួសារ ខាងលើ ៕

         

ដោយ​៖ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print