ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ចូលរូមសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ។
សម្ដេចធិបតី ថ្លែងថា អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ ចំនួន២ សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់ ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា ។
សូមជម្រាបជូនថា អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល១២ខែ។ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងពិធីសម្ពោធនោះ សម្ដេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារ «មេត្តាសន្តិភាព» ខាងមុខ និងក្នុងបរិវេណវត្តស្វាយពពែផងដែរ៕
ដោយ៖តារា