ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា បន្តជួយជ្រោមជ្រែងទីម័រ ឡេស្តេ ដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។ សម្តេចបញ្ជាក់ថា ស្ថានភាពទីម័រនៅពេលបច្ចុប្បន្ននេះ គឺសាកសម នឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ហើយកម្ពុជាគឺគាំទ្រយ៉ាងពេញទំហឹងតែម្តងចំពោះការបញ្ចូលទីម័រជាសមាជិកអាស៊ានពេញសិទ្ធិ។ លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេ ឱ្យក្លាយជាប្រទេសសង្កេតការណ៏អាស៊ាននៅឆ្នាំ២០២២ នៅពេលកម្ពុជា ធ្វជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការជួយជ្រោមជ្រែងទីម័រឱ្យក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាននៅពេលខាងមុខ ។
សម្តេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម។ សម្តេចតេជោ បានរំលេចពីចំណុចខ្លាំង និងចំណុចខ្សោយប្រទេសទាំងពីរផងដែរ ដែលសម្តេចតេជោ បញ្ជាក់ថា ទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជាមានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជាខ្សោយថាមពល។ ដូច្នោះរដ្ឋាភិបាលនៃប្រទេសទំាងពីរគួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ សម្តេចតេជោ បានផ្តល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេ គួរយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ ដោយសម្តេចតេជោ សង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទំាងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។ ក្រៅពីនោះសម្តេចតេជោ បានកត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះដែរ សម្តេចតេជោ ក៏បញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម័រដែរថា សម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេ។
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ ហើយភាគីទាំងពីរ នឹងជជែកពិភាក្សាគ្នានៅពេលខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្ត្រីរំលេចថា ក្នុងស្ថានភាពនៃបញ្ហាពិភពលោក ស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះ វាកាន់តែមានសារៈសំខាន់ណាស់ ដែលទីម័រ ត្រូវតែចូលជាសមាជិកអាស៊ាន ដូច្នោះឯកឧត្តមសង្ឃឹមជឿជាក់ថា នៅពេលខាងមុខទីម័រ នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្រោមការជួយជ្រោមជ្រែងរបស់សម្តេចតេជោ តាំងពីសម្តេចនៅជានាយករដ្ឋមន្ត្រី៕
ដោយ ៖ សិលា