អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នារសៀលថ្ងៃទី ៨ ឧសភា តាមម៉ោងក្នុងតំបន់ លោក ភូទីនប្រធានាធិបតីរុស្ស៊ី និងលោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបខ្លីនៅការិយាល័យប្រធានាធិបតីរុស្ស៊ីក្នុងវិមានក្រឹមឡាំង។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីដែលមានភាពរង្គោះរង្គើនិងការផ្លាស់ប្តូរ។ ដរាបណាចិន និងរុស្ស៊ីរក្សាយុទ្ធសាស្ត្រដ៏រឹងមាំ ដរាបនោះគឺគ្មានកម្លាំងណាមួយអាចរារាំងប្រទេសទាំងពីរដែលសម្រេចបាននូវការស្តារនិងអភិវឌ្ឍរៀងៗខ្លួននោះឡើយ ហើយក៏មិនអាចរារាំងចរន្តយុគសម័យដែលឆ្ពោះទៅរកពិភពលោកពហុប៉ូល និងសកលភាវូបនីយកម្មសេដ្ឋកិច្ចនោះដែរ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកភូទីនបានថ្លែងថា ខ្ញុំរីករាយរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋចិន Xi Jinping ក្នុងន័យគាំពារផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរ និងជំរុញឱ្យពិភពលោកវិវឌ្ឍទៅរកសច្ចយុត្តិធម៌ ប្រជាធិបតេយ្យ និងពហុប៉ូល។
គេហទំព័រ «CCFR China state-controlled media » ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដូចជាវិបត្តិអ៊ុយក្រែនជាដើម។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិនផ្តួចផ្តើមគំនិតនិងប្រកាន់ខ្ជាប់នូវគោលគំនិតសន្តិសុខសកលពោលគឺ ភាពរួមគ្នានិងចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ប្រទេសចិនស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដែលមានអំណោយផលដល់សន្តិភាព។
លោក ភូទីន បានវាយតម្លៃខ្ពស់ចំពោះគោលជំហរយុត្តិធម៌និងសត្យានុម័តរបស់ចិន លើការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង៕
ដោយ ៖ សិលា