ខេត្តបាត់ដំបង៖ ការយល់ដឹងពីអាស៊ាន និងសារៈសំខាន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន បានក្លាយជាប្រធានបទនៃកម្មវិធីបាឋកថាពិសេស ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ។
កម្មវិធីនេះទទួលបានការចូលរួមជាអធិបតីភាពពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមកពីមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងនិស្សិតចំនួន ២៥០នាក់ មកពីសាកលវិទ្យាល័យចំនួន ៨ ជុំវិញខេត្តបាត់ដំបង។
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រសាសន៍ថា ការចូលជាសមាជិកអាស៊ានកាលពីឆ្នាំ ១៩៩៩ បានជួយពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់កម្ពុជា សម្រាប់កិច្ចសហការនៅក្នុងតំបន់ ហើយការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ គឺជាការបើកនូវទីផ្សារដ៏ធំលំដាប់ទី៣ លើពិភពលោក ដែលបង្កើតបានជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ក្នុងការចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ការអនុវត្ត AEC Blue Print បានធ្វើឲ្យកម្ពុជាអាចត្រៀមខ្លួនយ៉ាងល្អ សម្រាប់ប្រកួតប្រជែងជាមួយប្រទេសនានានៅក្នុងតំបន់ ហើយក្រសួងពាណិជ្ជកម្មនាពេលកន្លងមកបានប្រឹងប្រែងយ៉ាងសកម្មក្នុងការដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជាច្រើនដូចជា៖ ស្វ័យប្រវត្តិកម្មសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (C/O), ស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម និង ស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជនាម។ ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះ គឺដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា សំដៅទាក់ទាញលំហូរវិនិយោគិនឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននាពេលអនាគត។
លោករដ្ឋមន្ត្រីក៏បានផ្តែផ្តាំដល់និស្សិតទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិ ហើយត្រូវចេះត្រៀមខ្លួន ដើម្បីទាញយកអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសគឺលំហូរដោយសេរីនៃកម្លាំងពលកម្មក្នុងតំបន់៕
ដោយ៖ សីលា