ខេត្តរតនគិរី៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២២ ក្រោមប្រធានបទជនជាតិដើមភាគតិចនិងការអប់រំដែលប្រព្រឹត្តធ្វើនៅសាលមហោស្របសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកប៊ូ ថង ប្រធានគណកម្មការទី៤សមាជិកព្រឹទ្ធសភា លោក គិត ទ្រី អភិបាលរងខេត្តតំណាងលោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកឌី ប៉ូលុច តំណាងអង្គការសង្គ្រោះសត្វព្រៃព្រមទាំងជនជាតិដើមភាគតិចចូលរួមប្រហែលជាង២០០នាក់។
បន្ទាប់ពីលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានលើកឡើងនូវគោលដៅដើម្បីពឹងរឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិសំរាប់ដំណោះស្រាយបញ្ហានានា ដែលប្រឈមដោយជនជាតិដើមភាគតិចក្នុងវិស័យមួយចំនួនដូចជាវប្បធម៌ ការអប់រំ សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ ជនជាតិដើមភាគតិចពិភពលោកទី២ចាប់ផ្តើមថ្ងៃទី១ ខែមករា ឆ្នាំ២០០៥ ជាមួយគោលបំណងចំនួន៥ធំៗ ១. ជម្រុញលុបបំបាត់ការរើសអើន និងការដាក់បញ្ចូលជនជាតិដើមភាគតិចនៅក្នុងការធ្វើគំរោងផែនការ ការអនុវត្ត និងការវាយតម្លៃដំណើរការអន្តរជាតិ តំបន់ និងថ្នាក់ជាតិ ពាក់ព័ន្ធនិងច្បាប់គោលនយោបាយធនធានកម្មវិធីនិងគំរោង។ ២. ជម្រុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិចនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តដែលប៉ះពាល់ផ្ទាល់ ឬដោយប្រយោលដល់របៀបរបបរស់នៅលើដីធ្លី និងដែនដី ប្រពៃណី បូរណភាពវប្បធម៌ជនជាតិដើមភាគតិចជាមួយសិទ្ធិសមូហភាព ឬទិដ្ឋភាពដ៏ទៃទៀត ជីវភាពរស់នៅដោយផ្អែកតាមគោលការព្រមព្រៀងដោយសេរីជាមុននិងមានការជូនដំណឹងច្បាស់លាស់។ ៣. កំណត់សារជាថ្មីគោលនយោបាយអភិវឌ្ឍន៍ដែលចេញដំណើរពីចក្ខុវិស័យនៃសមធម៌ ហើយស្របតាមវប្បធម៌រួមទាំងការគោរពខុសប្លែកគ្នាផ្នែកវប្បធម៌ និងភាសាសាស្ត្រជនជាតិដើមភាគតិច។ ៤. អនុម័តគោលនយោបាយដែលតម្រង់ទិសកម្មវិធីនានា គំរោងការ និងថវិកាសំរាប់អភិវឌ្ឍន៍ជនជាតិដើមភាគតិច រួមទាំងបទដ្ឋាននានា ការយកចិត្តទុកដាក់ ពិសេសលើស្ត្រី កុមារ និងជនជាតិដើមភាគតិច។ ៥. ការលើកកំពស់អនុវត្តន៍ក្របខណ្ឌច្បាប់។
លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តបានសារទរនូវកម្មវិធីដ៏មានតម្លៃដែលមន្ទីរអភិវឌ្ឍន៍ជនបទសហការជាមួយអង្គការសង្គ្រោះសត្វព្រៃ ដែលបានរៀបចំនូវទិវាអន្តជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២២ លោកក៏បានសង្កត់ធ្ងន់ដល់ការរួមចំណែកការពារនូវធនធានធម្មជាតិជាពិសេសសត្វព្រៃដែលកំពុងរស់នៅសព្វថ្ងៃសូមឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចជួយថែរក្សាសម្បត្តិវប្បធម៌ជាតិ អោយគង់វង្សដើម្បីទុកជាកេរ្តិ៍មរតដល់កូនចៅជំនាន់ក្រោយបានឃើញផង ៕
ដោយ៖ វុទ្ធឦសាន
...