ខេត្តកណ្ដាល៖ ក្មេងទំនើង២នាក់ បង្ហោះម៉ូតូបាន៣លើក សមត្ថកិច្ចចុះល្បាតឃើញទាន់ក៏ឃាត់ខ្លួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអប់រំណែនាំ ។ ករណីបង្ហោះម៉ូតូនេះ បានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៥០នាទី តាមបណ្ដោយផ្លូវកៅស៊ូលេខ១៤៣ ស្ថិតនៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ទិត វណ្ណា ហៅក្រៅគ្មាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃមង្គល់ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន) អ្នកបើកម៉ូតូ។២-ឈ្មោះ រឿន រ៉េត ហៅក្រៅគ្មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) អ្នកជិះពីក្រោយ។ វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2023 ពាក់ផ្លាកលេខ ភ្នំពេញ 1KA-0925 ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារ បានចេញល្បាតក្នុងភូមិសាស្ដ្រឃុំ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅចំណុចកើតហេតុខាងលើមានក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពបង្ហោះម៉ូតូ។ក្រោយពីទទួលបានព័ត៌មានដូចនោះហើយ ទើបកម្លាំងប៉ុស្ដិ៍នគរបាលក្រាំងម្កាក់ និងកម្លាំងប្រជាការពារ បានចេញទៅល្បាតពួនស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់និងវត្ថុតាងម៉ូតូ ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនទើបធ្វើសកម្មភាពបង្ហោះម៉ូតូនេះបានចំនួន០៣លើកមកហើយ។
ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញ សូមគោការអប់រំរយៈពេល៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ៕
