ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាព្រឹកថ្ងៃអង្គរ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា ម្សិលមិញ គេឃើញមន្ត្រីការិយាល័យឧទ្យានជាតិ នៃស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល បានស្ទូចឈើអារ និងរទេះដើម្បីយកទៅរក្សាទុក ខណៈដែលបង្រ្កាបរទេះក្របីចំនួន០៦រទេះ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជាក់ស្ដែង នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ បទល្មើសប្រើប្រាស់ដោយម៉ាស៊ីន កាត់ ជ្រៀក អារ រួចដឹកជញ្ជូនឈើទៅលក់ចែកចាយនេះ នៅតែកើតមានយ៉ាងពេញទំហឹងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើទោះបីជាស្ងប់ស្ងាត់អស់មួយរយៈ ប៉ុន្តែឈើអារត្រូវបានបង្រ្កាបដឹកទៅរក្សាទុកខាងលើ គេពុំដឹងអំពីចំនួនម៉ែត្រត្រីគុណឬប្រភេទឈើអ្វីនោះទេ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធការិយាល័យខាងលើ ស្ទូចឈើ និងរទេះដើម្បីយកទៅរក្សាទុកនេះ ធ្វើឡើងនៅចំណុចត្រពាំងប្រីយ៍ ស្ថិតនៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ឈើអារដឹកជញ្ជូនតាមរយៈរទេះក្របីត្រូវបានបង្រ្កាប គោលដៅទៅលក់ឲ្យដេប៉ូទិញលក់ឈើ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនបង្ហាញឈ្មោះឬទីតាំងឲ្យបានច្បាស់លាស់នោះទេ ។ បច្ចុប្បន្ន វត្ថុតាំ(ឈអារ និងរទេះ)មន្រ្តីខាងលើស្ទូចដឹកទៅរក្សាទុក នៅ(ការិយាល័យឧទ្យានជាតិ ស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន គេសង្កេតឃើញសកម្មភាពកាត់ឈើ ជ្រៀកអារឈើ និងដឹកជញ្ជូនឈើ នៅតែកំពុងកើតមានយ៉ាងពេញទំហឹងនៅស្រុកភ្នំក្រវាញ ប៉ុន្តែដូចជាមិនសូវបង្រ្កាបនោះទេ យូយូគេឃើញបង្រ្កាបម្ដង សង្ស័យបង្រ្កាបតែជនមិនបង់លុយឬយ៉ាងណា? ផ្លូវដឹកជញ្ជូនឈើពេញពីព្រៃមិនមានច្រើនទេ ផ្លូវនិមួយៗសុតតែមានស្នាក់ការមន្រ្តីបរិស្ថាន និងកងកម្លាំងពាក់ព័ន្ធ បណ្ដាក់គ្នាដូចខ្ចង ក្នុងនោះគេសង្កេតឃើញលោក រងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្រ្ទែម្នាក់សកម្មជាគេ ប្រចាំនៅស្រុកភ្នំក្រវាញ ដូច្នេះ! លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ អាចពិនិត្យមើលផងដូចការលើកឡើងដែរឬទេ ៕ ដោយៈ ប៉ឹម ពិន