សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងចិន-អាស៊ានលើកទី២

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និង អង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” នៅសណ្ឋាគារ HYMAWARI រាជធានីភ្នំពេញ។

សិក្ខាសាលាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេសតាមរយៈការចែករំលែកបទពិសោធន៍លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសសមាជិកអាស៊ាន ដែលមានអ្នកចូលរួម១៣៤រូប ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ថាប័ន និងសាលាអប់រំបច្ចេកទេសមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងប្រទេសរុស្សី សរុបចំនួន៤៨ស្ថាប័ន។ ប្រធានបទសំខាន់ៗចំនួន១៣ ដែលពាក់ព័ន្ធទៅនឹងបទពិសោធ និងការអនុវត្តល្អបំផុតនានាសម្រាប់ភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស ត្រូវបានចែករំលែកដោយវាគ្មិន ដែលជាអ្នកជំនាញអន្តរជាតិក្នុងវិស័យអប់រំបច្ចេកទេស។
ក្នុងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED បានមានប្រសាសន៍ថាសិក្ខាសាលានេះនឹងត្រួសត្រាយផ្លូវថ្មីបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរគ្រូបង្រៀន/សិស្សក្នុងវិស័យអប់រំវិជ្ជជីវៈ (TVET) ដោយក្នុងនោះប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍បានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង TVET ជាយូរមកហើយ។ លោកបានបញ្ជាក់បន្ថែមថា វេទិកាសហប្រតិបត្តិការអប់រំបច្ចេកទេសចិន-អាស៊ាន (CATECP) បានចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើនពីប្រទេសចិនដល់អាស៊ានដោយក្នុងឆ្នាំ២០២៤ សាលាចិនសរុបចំនួន ៤១ បានចែករំលែកវគ្គសិក្សាជាង ៣០០ ក្រោមកិច្ចសហការសម្របសម្រួលរបស់រវាង CATECP អង្គការ Go Study Global Education និងមជ្ឈមណ្ឌល SEAMEO TED។ តាមរយៈបណ្តាញផ្សេងៗ យើងបានពង្រីកវិសាលភាពនៃវគ្គសិក្សាទាំងនេះទៅកាន់ប្រទេសអាស៊ានទាំងអស់ ដោយមានសិស្សចំនួន ២៥៦,៦៧២នាក់បានចូលរួមក្នុងវគ្គសិក្សាទាំងនោះ។ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថាត្រឹមតែរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ សាលារៀនចិនជាង ១០០ មកពីខេត្តចំនួន ១៤ បានចូលរួមក្នុងគម្រោងនេះរួចហើយ ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានធ្វើការជាមួយក្រសួងអប់រំក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ប្រ៊ុយណេ និងប្រទេសដទៃទៀត ដើម្បីផ្សព្វផ្សាយពីវេទិកា CATECP ដល់គ្រឹះស្ថានឧត្តមសិក្សាជាង ២០០ នៅទូទាំងតំបន់។ គិតត្រឹមខែមេសា វេទិកានេះមានអ្នកប្រើប្រាស់រហូតដល់ជាង ៤០០,០០០ នាក់រួចហើយ ដែលលើសពីចំនួនសរុបនៃអ្នកប្រើប្រាស់ក្នុងឆ្នាំ ២០២៤ កន្លងទៅ។
លោកស្រីបណ្ឌិត ZHANG Xufeng អគ្គនាយករងនៃមន្ទីអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណៈរដ្ឋប្រជាមានិតចិន បានថ្លែងចំណាប់អារម្មណ៍ ដោយបានលើកឡើងពីតួនាទីយ៉ាងសកម្មរបស់ តំបន់ស្វយ័ត Guangxi Zhuang ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការអភិវឌ្ឍធនធានរួមគ្នា ការបង្កើតមហាវិទ្យាល័យសិប្បករទំនើបចំនួន ១៧ និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរគ្រូ/សិស្សជាច្រើន។ អ្នកស្រីបានកត់សម្គាល់ពីទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសកម្ពុជា និងបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់តំបន់ស្វយ័ត Guangxi Zhuang ក្នុងការទាក់ទាញនិស្សិតអាស៊ាន។ ជាចុងក្រោយអ្នកស្រីបណ្ឌិតបានស្នើនូវគំនិតផ្តួចផ្តើមចំនួនបីរួមមាន៖ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងការកសាងសហគមន៍ការអប់រំវិជ្ជាជីវៈចិន-អាស៊ាន ការប្រើប្រាស់ AI ដើម្បីពង្រឹងដល់ការអប់រំទ្វេភាគី និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជន។
ក្នុងសុន្ទរកថាអបអរសាទរ លោកស្រីបណ្ឌិត Riam Chau Mai ប្រធានផ្នែកសហប្រតិបតិ្តការសហគមន៍ និងឧស្សាហកម្ម នាយកដ្ឋានពហុបច្ចេកទេស និងការអប់រំមហាវិទ្យាល័យសហគមន៍ នៃក្រសួងឧត្តមសិក្សា នៃប្រទេសម៉ាឡេស៊ី បានលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED ក្នុងការជំរុញឧត្តមភាព TVET នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីបណ្ដិតបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីកំពុងបោះជំហានទៅមុខក្នុងការរួមបញ្ចូលដំណោះស្រាយឌីជីថលក្នុងវិស័យអប់រំ តាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត និងការវាយតម្លៃកម្រិតខ្ពស់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយអ្នកដឹកនាំឧស្សាហកម្មដូចជា IBM និង AWS ដែលកំពុងពង្រឹងជំនាញឌីជីថលរបស់សិស្ស និងអ្នកអប់រំ ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្ម 4.

0។ អ្នកស្រីក៏បានកត់សម្គាល់ថា សិក្ខាសាលានេះនឹងជំរុញឱ្យមានកិច្ចសហការក្នុងតំបន់ ដែលអនុញ្ញាតឱ្យអ្នកជំនាញចែករំលែកការយល់ដឹងពីគំនិតផ្តួចផ្តើម និងការអភិវឌ្ឍន៍រួមគ្នាដូចជាការបណ្តុះបណ្តាលគ្រូជាដើម។ ជាចុងក្រោយអ្នកស្រីបណ្ឌិតបានជម្រុញឱ្យបន្តមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាស TVET ប្រកបដោយភាពធន់ និងនវានុវត្តន៍សម្រាប់តំបន់។
ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់មួយនេះ ដោយនៅក្នុងសន្ទរកថាបើក ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ានក្នុងការជ្រុញ និងលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបែបឌីជីថល (Digital TVET)។ ថ្លែងក្នុងនាមក្រសួងអប់រំកម្ពុជា ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃជំនាញស្នូលដែលអ្នកអប់រំត្រូវមាន ដូចជា ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការសម្របខ្លួន ការធ្វើការងារជាក្រុម ភាពវៃឆ្លាតខាងអារម្មណ៍ ការគិតជាយុទ្ធសាស្ត្រ និងជំនាញក្នុងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងរហ័ស។ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញផ្សេងៗ ការសិក្សាពេញមួយជីវិត និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នអប់រំ ដើម្បីបំពេញតម្រូវការនៃវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា៖ «ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប យើងត្រូវបណ្តុះចំណង់ចំណូលចិត្តក្នុងការសិក្សាពេញមួយជីវិតតាមរយៈការអប់រំដែលសំបូរទៅដោយការរីកចម្រើននៃបច្ចេកវិទ្យា»៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print