ភ្នំពេញ៖ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-ទួរគី បានជួបពិភាក្សាការងារជាមួយ លោក ILhan Kemal Tug ឯកអគ្គរដ្ឋទូតប្រទេសទួរគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបនេះ លោក ILhan Kemal Tug បានជម្រាបជូន លោកបណ្ឌិតរដ្ឋ ជាម យៀប ពីស្ថានភាពនយោបាយនៅក្នុងប្រទេសទួរគីថា បានវិលទៅរកសភាពការណ៍ធម្មតាវិញហើយ បន្ទាប់ពីមានព្រឹត្តការណ៍រដ្ឋប្រហារមិនបានសម្រេច កាលពីខែកន្លងមកនេះ។ លោកឯកអគ្គរដ្ឋទូតបាន គូសបញ្ជាក់ថា ប្រទេសទួរគីបានកំពុងថែរក្សានិងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅក្នុងពិភពលោកពិសេសប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី ប្រទេសចិននិងសហភាពអ៊ឺរ៉ុប សហគមន៍អាស៊ានជាដើម។
ចំពោះទំនាក់ទំនងកម្ពុជានិងទួរគីវិញ លោក ILhan Kemal Tug បានមានប្រសាសន៍ថា ជាទំនាក់ទំនងដែលថ្នាក់ដឹកនាំប្រទេសទួរគី យកចិត្តទុកដាក់បំផុតក្នុងការពង្រឹងពង្រីក កិច្ចហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យរួមទំាងការទូត និងសេដ្ឋកិច្ចនោះ ប្រទេសទួរគីគម្រោងបង្កើតជើងហោះហើរត្រង់មកកម្ពុជា ក្នុងពេលឆាប់ៗនេះទៀតផង។
លោកឯកអគ្គរដ្ឋទូត បានលើកឡើង ពីសាលាអន្តរជាតិ ZAMAN ដែលមាននៅកម្ពុជា។ បើតាមលោកឯកអគ្គរដ្ឋទូត សាលាអន្តរជាតិមួយនេះ ត្រូវបានសង្ស័យថា មានបណ្តាញទំនាក់ទំនងជាក្រុមដែលបានធ្វើរដ្ឋប្រហារនៅប្រទេសទួរគី កាលពីពេលកន្លងមកនេះ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា បញ្ហានេះស្ថានទូតទួរគីនៅកម្ពុជាក៏បានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជាបានដឹងរួចមកហើយដែរ។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានគំាទ្របេសកកម្មការទូតរបស់ លោក ILhan Kemal Tug នៅកម្ពុជា និងសម្តែងការរីករាយចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា និងទួរគីលើគ្រប់វិស័យ ពិសេសខាងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចនេះ។ ចំពោះបញ្ហាសាលាអន្តរជាតិ ZAMAN ដែល លោក ឯកអគ្គរដ្ឋទូត បានលើកឡើងនោះ លោកបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា លោកបាន ឯកភាពទៅនឹងប្រសាសន៍ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបជាមួយ លោក ILhan Kemal Tug នៅក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិនាពេលកន្លងទៅ។
សូមជម្រាបដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នេះ លោក ILhan Kemal Tug ក៏បានជួបពិភាក្សាការងារជាមួយ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិឃោសនាការ និងព័តមាន នៃរដ្ឋសភាផងដែរ ដោយនៅក្នុងឱកាសនោះលោក ឯកអគ្គរដ្ឋទូតក៏បានលើកឡើង ពីបញ្ហារបស់សាលាអន្តរជាតិZAMANនេះដែរ៕
នាយកដ្ឋានព័ត៌មាន