មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់នូវសមយុទ្ធយុទ្ធសាស្ត្ររួមនៃកងកម្លាំងពិសេស ដោយសង្កត់ធ្ងន់ថា ភារកិច្ច “សំខាន់បំផុត” គឺត្រូវរៀបចំឱ្យបានពេញលេញសម្រាប់សង្គ្រាម។
យោងតាមព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) សមយុទ្ធនេះបានធ្វើឡើងនៅថ្ងៃទី 13 ខែឧសភា រួមទាំងប្រតិបត្តិការយុទ្ធសាស្ត្ររួមបញ្ចូលគ្នានៃកងកម្លាំងពិសេស និងការសម្របសម្រួលសមយុទ្ធបាញ់ប្រហាររបស់អង្គភាពរថពាសដែក។
នៅក្នុងសុន្ទរកថារបស់គាត់នៅឯសមយុទ្ធនេះ លោក Kim Jong Un បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធបដិវត្តន៍របស់ប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងចូលរួមក្នុងជួរមុខជាច្រើន ដោយបញ្ជាក់ថា ការរៀបចំដ៏ទូលំទូលាយសម្រាប់សង្គ្រាមគឺជាកិច្ចការសំខាន់។
កន្លងមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានរកឃើញសញ្ញាថា ទាហានកូរ៉េខាងជើងដែលបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី កំពុងរៀនពីរបៀបប្រតិបត្តិការ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកពីទីក្រុងមូស្គូ។
កាលពីខែមុន កូរ៉េខាងជើងបានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា ខ្លួនបានបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីទប់ទល់នឹងអ៊ុយក្រែន។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន លោក គីម បានប្រកាសថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាម “ស្របច្បាប់” ដោយចាត់ទុកថាវាជាការអនុវត្តសិទ្ធិអធិបតេយ្យភាពក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយទីក្រុងម៉ូស្គូ៕ ដោយធីរីណា
រូបថត: KCNA