ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់រហូតដល់១១នាក់ ករណីលួចម៉ូតូ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។
ពាក់ព័ន្ធករណីខាងលើនេះ លោកអែមសុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥នេះថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់រហូតដល់ ១១នាក់នេះ គឺករណីលួចម៉ូតូ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀតមានឈ្មោះ៖
១-ទេព សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរបុគ្គលិកដឹកទឹកកក មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត(ម្ចាស់កាំបិតប៉័ងតោ)។
២-យុត សេរីចេន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករម៉ាស៊ីនទឹកកក មានទីលំនៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់កាំបិតប៉័ងតោ)។
៣-ស៊ា ឌីន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិចាន់រ៉ា ឃុំស្ពី ស្រុកបាភ្នំ ខេត្តព្រៃវែង។
៤-សុខ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។
៥-ស៊យ មករា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៦-រ៉ា វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវេុីនសៃ ខេត្តរតនគីរី ។
៧-វិន វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រាខេត្តស្វាយរៀង ។
៨-សួង សុបីន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្រុកកំណើតភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកបឹងឃ្លាំង ខេត្តបន្ទាយមានជ័យ។
៩-ស៊ោន សាវី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
១០-ហេង វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតភូមិពន្លី ឃុំពន្លី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
១១-ងឹម បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រពាំងប្លុង ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម (ជនដៃដល់លួចម៉ូតូ)។
លោក អធិការបន្តថា កាលពីថ្ងែទី១២ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលបណ្ដឹងពីជនរងគ្រោះថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុចផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ហើយរូបលោក បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត តាមរយៈកាមេរ៉ាសុវត្ថិភាព និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់រហូតបានចំនួន១១នាក់ នឹងសម្ភារៈវត្ថុតាងមួយចំនួនដូចជា៖ម៉ូតូចំនួន ០៥គ្រឿង (ក្នុងនោះម៉ូតូវត្ថុតាងចំនួន ០២គ្រឿង)បំពង់ជក់គ្រឿងញៀនចំនួន ០៥ និងបំពង់ទុយយោ០១ដុំ ដែកកេះ ចំនួន០២ ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួនសរុប០៩កញ្ចប់(តូច៧,ធំ២) កូនសោចំនួន ០២(លេខ៨ និងលេខ១០)តួណឺវីសចំនូន ០១,សោម៉ូតូ ដាច់មួយកំណាត់ចំនួន ០១ ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងរួមនឹងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់៕ដោយ៖ សុថាន