ខេត្តតាកែវ៖ លោក ប៊ុន បូរិន្ទ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវបានឲ្យដឹងថា លោក គ្រាន់តែចង់អប់រំលោក ឈាត តូនី អនុ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មសោះបែរជាមានរឿងអាស្រូវធ្ងន់ធ្ងរធ្លាក់ មកដល់ខ្លួនលោកទៅវិញ ។
ការថ្លែងបែបនេះបន្ទាប់ពីផ្ទុះរឿង អាស្រូវពេញខេត្តតាកែវថា លោក ប៊ុន បូរិន្ទ ត្រូវបានលោកឈាត តូនី វាយឲ្យរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលផឹកស៊ីនៅផ្ទះកូនចៅរបស់លោកកណ្ដាលក្រុងដូនកែវ ។
លោក ប៊ុន បូរិន្ទ បន្តថា លោកមិនត្រូវ បានលោក ឈាត តូនី វាយឲ្យរបួសនោះទេ គ្រាន់តែលោក ឈាត តូនី ស្រវឹងស្រានិយាយ លែងដឹងខុសដឹងត្រូវប្រើពាក្យមើលងាយ លោក ហើយលោកក៏បានអប់រំណែនាំ ក្នុងនាមលោកជាចាស់ទុំ តែបែរជាលោក ឈាត តូនី ផ្ទុះកំហឹងប្រុងចូលមកវាយលោកតែត្រូវកូនចៅរបស់លោកឃាត់ និងបាន នាំខ្លួនលោកឈាត តូនី ទៅផ្ទះបាត់ទៅ ។
លោក ប៊ុន បូរិន្ទ បានបញ្ជាក់ថា ទង្វើ របស់លោកឈាត តូនី អ្នកណាក៏គេស្គាល់ពេញទាំងខេត្តតាកែវថា បើមានកម្មវិធីផឹកសីុគ្មានអ្នកហៅក៏ដើរចូលមកផឹកដែរឲ្យតែឃើញមានមនុស្សជុំៗ ប៉ុន្ដែទោះជាមានការ បកស្រាយពីលោក ប៊ុន បូរិន្ទ បែបនេះក្ដី ក៏ លោកឈាត តូនី នៅតែអះអាងថា លោក ពិតជាបានទាស់ជាមួយលោក ប៊ុន បូរិន្ទ ក្នុងអំឡុងពេលផឹកស៊ីកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ប្រាកដមែន ហើយភាគីទាំង២កំពុងដោះស្រាយគ្នាក្រៅប្រព័ន្ធច្បាប់ ។
លោក ឈាត តូនី បានបញ្ជាក់ថា លោកស្អប់អ្នកណាដែលប្រមាថ និងមើល ងាយលោកខ្លាំងណាស់ ។ លោកធ្វើការងារច្រើនឆ្នាំមកហើយមិនដែលមានរឿងបែបនេះឡើយ ។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំក្នុងខេត្តតាកែវមួយចំនួនសុទ្ធតែឆ្លងកាត់ការផឹកស៊ីបង្ករឿងបាញ់បោះវាយតប់គ្នា ហើយចុងក្រោយបានបន្សល់ទុករឿងអាស្រូវជូនមន្រ្តីជំនាន់ក្រោយឲ្យយកគំរូតាម តែបើទោះជាបានបង្ករឿង អាស្រូវក្នុងវង់ផឹកស៊ី ស្រីញីអូនបងបែបណាក៏ដោយក៏ពួកគេគង់តែបានតំណែង ធំៗ ឬកៅអីមេដឹកនាំក្នុងខេត្តដដែល ៕
ដោយ៖ ជីសូរកា