ខេត្តកណ្តាល ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានប្រែក្លាយពីសង្គមមួយដែលមានបញ្ហាច្រើន ជាពិសេសឆ្លងកាត់សង្រ្គាម និងអសន្តិសុខសង្គមពីមុន និងជាប្រទេសឯកោបំផុត ប៉ុន្តែពេលនេះ កម្ពុជាបានក្លាយជាសង្គមមួយដែលកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើវឌ្ឍនភាពសង្គម កម្ពុជាយើង ទាមទារឱ្យនគរបាលជាតិ ត្រូវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឱ្យស្របទៅតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិយើង។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែប្រួលនៃការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូលដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម។
សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនការបណ្ដុះបណ្ដាលឱ្យមានសមត្ថភាពតាមស្តង់ដាដែលកំណត់ដោយសាលានគរបាល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា មន្ត្រីនគរបាលទាំងអស់ត្រូវប្រកបដោយគុណភាព និងបរិមាណ មានន័យថា មន្ត្រីគ្រប់រូបដែលបម្រើការងារក្នុងកងកម្លាំងនគរបាលត្រូវប្រកបដោយគុណភាព និងសមត្ថភាព, មន្ត្រីនគរបាលគ្រប់រូបត្រូវយល់ដឹងពីច្បាប់ និងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ ៕
ដោយ ៖ សិលា