សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥​ បានមានប្រសាសន៍សំខាន់ៗ​ឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី​ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ការប្រារព្ធខួបលើកទី៨០ឆ្នាំនៃការកកើត កងកម្លាំងនគរបាលជាតិ គឺជាការរំលឹក និងដឹងគុណនូវវីរភាពយុទ្ធមិត្តនគរបាលគ្រប់ជំនាន់ ដែលបានពលីគ្រប់បែបយ៉ាងបុព្វហេតុសន្តិភាព និងមួយវិញទៀត គឺជាការប្តេជ្ញាចិត្តជាថ្មីទៀតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាប័នមួយនេះ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែង​កោតសរសើរនូវស្នាដៃរបស់កងកម្លាំងនគរបាលដែលបានចូលរួមការពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ និងប្រឆាំងមិនឲ្យកើតមានអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

-សម្តេចធិបតី ថ្លែងថា​ កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋជាដើម។

-សម្ដេចធិបតី​ ថ្លែង​ណែនាំឱ្យអង្គភាពនីមួយៗ នៃកងកម្លាំងនគរបាលជាតិត្រូវក្ដាប់ឱ្យជាប់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាព ក្ដាប់ឱ្យជាប់ និងពង្រីកបន្ថែមនូវចំណុចខ្លាំង និងកាត់បន្ថយឱ្យបានចំពោះចំណុចខ្សោយរបស់អង្គភាពនីមួយៗ ជាពិសេសការអនុវត្តរបស់បងប្អូនជាកងកម្លាំងនគរបាលជាតិកម្ពុជា។

-សម្តេចធិបតី ថ្លែងថា កម្ពុជាបានប្រែក្លាយពីសង្គមមួយមាន បញ្ហាច្រើន(សង្រ្គាម)ពីមុន និងឯកោបំផុត តែពេលនេះ បានក្លាយជាសង្គមមួយបានកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

-សម្ដេចធិបតី​ ថ្លែងចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។

-សម្ដេចធិបតី​ ថ្លែងថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។

-សម្ដេចធិបតី​ ថ្លែងថា​ ការប្រែប្រួលនៃការអភិវឌ្ឍប្រទេស និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម។

-សម្ដេចធិបតី ថ្លែងថា​ ប្រសិនបើពលរដ្ឋក្រីក្រនោះពិតជាមិនមានក្មេងទំនើងបង្ហោះម៉ូតូល្អៗលេងនោះទេ, ប្រសិនបើកម្ពុជាជាប្រទេសបិទជិត នោះពលរដ្ឋកម្ពុជាក៏មិនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នបាននោះដែរ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ បញ្ហាក្មេងទំនើង និងគ្រឿងញៀន មិនមែនជាកិច្ចការផ្ដាច់មុខរបស់កងកម្លាំងឡើយ តែទាមទារនូវការចូលរួមសហការពីអាណាព្យាបាលទាំងអស់ តាមរយៈការអប់រំទូន្មានកូនចៅកុំឱ្យប្រព្រឹត្តសកម្មភាពដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន។

-សម្ដេចធិបតី​ ថ្លែង​បន្ថែមថា ពលរដ្ឋកម្ពុជាបច្ចុប្បន្នប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមានរហូតជាង ៩៩ ភាគរយ។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការងារ និងទំនាក់ទំនងនានា ប៉ុន្តែក៏មានក្រុមឧក្រិដ្ឋជនប្រើបច្ចេកវិទ្យាដើម្បីប្រ ព្រឹត្តបទល្មើសនានាផងដែរ ដែលនេះទាមទារឱ្យមានការបង្កើនការទប់ស្កាត់ឱ្យខាងតែបាន។

-សម្ដេចធិបតី ថ្លែងអះអាងពីបញ្ហាប្រឈមរបស់ពិភពលោក រួមទាំងកម្ពុជាចំពោះការកើតមានឡើងនូវបទល្មើសបច្ចេកវិទ្យា ជាអាទិ៍ ការឆបោកតាមអនឡាញ ដែលសម្ដេច ថា នេះជាវិញ្ញាសាថ្មី ដែលនគរបាលជាតិ គឺកាន់តែយកចិត្តទុកដាក់បន្ថែមទៀតក្នុងប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ។

-សម្ដេចធិបតី​ ថ្លែងថា​ ការការពារឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព និងសន្ដិសុខជូនដល់ប្រជាពលរដ្ឋ គឺជាអ្វីដែលកងកម្លាំងនគរបាលជាតិត្រូវធ្វើឱ្យបាន មិនអាចឱ្យក្រុមជ្រុលនិយមណាមួយបង្កើតចលនា ព័ត៌មានក្លែងក្លាយ ធ្វើឱ្យប្រទេសជាតិអសន្ដិសុខ អសុវត្ថិភាពបានឡើយ។

-សម្ដេចធិបតី​ ថ្លែង​ណែនាំដល់នគរបាលជាតិបន្តជំរុញ និងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ។

-សម្ដេចធិបតី​ ថ្លែង​ណែនាំដល់កងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ ខិតខំហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យ ខណៈបច្ចុប្បន្នដងស៊ីតេនៅក្នុងទីក្រុង ទីប្រជុំជនមានការកើនឡើងខ្លាំង ដូច្នេះទាមទារឱ្យកងកម្លាំងត្រូវមានជំនាញខ្ពស់ និងការងារមមាញឹកជាងមុន។

-សម្ដេចធិបតី ថ្លែងថា​ ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មិនមែនអនុវត្តត្រឹមតែមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទនោះទេ សូម្បីតែពលរដ្ឋក៏ត្រូវចូលរួមអនុវត្តផងដែរ គឺត្រូវចូលរួមអប់រំ ទប់ស្កាត់កូនចៅសាច់ញាតិនានាកុំឱ្យប្រព្រឹត្តបទល្មើស ដែលបណ្ដាលឱ្យមានទោសទណ្ឌ ហើយត្រូវនគរបាលនាំខ្លួន ទៅដាក់មន្ទីរអប់រំកែប្រែនោះអី។

-សម្ដេចធិបតី​ ថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តនានា ដែលបានសហការផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា អាចមានសមត្ថភាពបង្ក្រាបបទល្មើសគ្រប់រូបភាព។

-​សម្ដេច​ធិបតី​ បន្តលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវខិតខំបន្តហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ដើម្បីអាចអនុវត្តការងារបានល្អ។

-សម្ដេចធិបតី​ ថ្លែងថា​ មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនការបណ្ដុះបណ្ដាលឱ្យមានសមត្ថភាពតាមស្តង់ដាដែលកំណត់ដោយសាលានគរបាល។

-សម្ដេចធិបតី​ ថ្លែង​បន្ថែមថា មន្ត្រីនគរបាលទាំងអស់ត្រូវប្រកបដោយគុណភាព និងបរិមាណ មានន័យថា មន្ត្រីគ្រប់រូបដែលបម្រើការងារក្នុងកងកម្លាំងនគរបាលត្រូវប្រកបដោយគុណភាព និងសមត្ថភាព, មន្ត្រីនគរបាលគ្រប់រូបត្រូវយល់ដឹងពីច្បាប់ និងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ ការបញ្ជូនកងកម្លាំងទៅសិក្សា ឬហ្វឹកហ្វឺននៅតាមបណ្ដាប្រទេសជាមិត្ត ពិសេសប្រទេសជិតខាងកម្ពុជានោះ គឺជាការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសប៉ុណ្ណោះ ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់កម្លាំងកម្ពុជាឱ្យកាន់រឹងមាំ ប្រកបដោយចំណេះដឹង ជំនាញ និងវិជ្ជាជីវៈ។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យបញ្ឈប់ការលាបពណ៌ផ្សេងៗចំពោះកិច្ចការនេះ។

សូមជម្រាបជូនថា​ នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

...

នគរបាលជាតិកម្ពុជា បានវិវត្តឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម និងបានបន្សល់ទុកនូវកេរតំណែល វីរភាព ការលះបង់ និងការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ក្នុងពហុវិស័យ ជាពិសេស ក្នុងវិស័យសន្តិសុខជាតិ និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print