ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័ននគរបាលបានបង្កើតឡើងវិញដោយមានការវិវត្តរីកចម្រើនទាំងគុណភាព និងសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយបានតស៊ូឆ្លងកាត់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម និងបង្កើតសមិទ្ធផលជាច្រើនឥតគណនាដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។
នៅក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងបុព្វហេតុសន្តិសុខជាតិ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គមនៅក្នុងរយៈពេល ៨០ឆ្នាំកន្លងទៅនេះ ទោះបីជាមានវិញ្ញាសារស្មុគស្មាញជាច្រើននៅគ្រប់ដំណាក់កាលនៃការវិវត្តសង្គមកម្ពុជាក៏ដោយ ក៏នគរបាលជាតិ បានពុះពារជំនះរាល់ការលំបាក និងបានអនុវត្តន៍តួនាទីស្នូលរបស់ខ្លួនព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កវិទ្ធង្សនា អំពើភេរវកម្ម បង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសនានាដើម្បីការពារអាយុជីវិត ទ្រពសម្បត្តិប្រជាពលរដ្ឋ រក្សាសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋជាដើម។
ប្រជាពលរដ្ឋ១៧លាននាក់រួមទាំងអ្នកដែលមានទស្សនៈមិនគាំទ្រ ពឹងទៅលើយើង ដូច្នេះ «កម្លាំងនគរបាល» ត្រូវតែមានសុចរិតភាព ត្រូវតែមានការទទួល ខុសត្រូវ។ នេះជាមូលដ្ឋានតែមួយគត់ដែលយើង អាចធានានូវសុខដុមរណីយកម្មស ង្គម»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន លើកឡើងបែបនេះ នាពិធីរំឭកខួបអនុស្សាវរីយ៍ខួបទី៨០នៃកំណើតនគរបាលជាតិកម្ពុជា។
សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនការបណ្ដុះបណ្ដាលឱ្យមានសមត្ថភាពតាមស្តង់ដាដែលកំណត់ដោយសាលានគរបាល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា មន្ត្រីនគរបាលទាំងអស់ត្រូវប្រកបដោយគុណភាព និងបរិមាណ មានន័យថា មន្ត្រីគ្រប់រូបដែលបម្រើការងារក្នុងកងកម្លាំងនគរបាលត្រូវប្រកបដោយគុណភាព និងសមត្ថភាព, មន្ត្រីនគរបាលគ្រប់រូបត្រូវយល់ដឹងពីច្បាប់ និងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ ៕
ដោយ ៖ សិលា