ខ្ញុំ÷ ហេតុអ្វីបានជាប៉ាស្លាប់?
ម្ដាយរបស់ខ្ញុំអង្អែលខ្នងខ្ញុំលាយឡំនឹងសម្ដីអួលដើមកថា
ម្តាយ÷ គាត់ស្លាប់ពេលគាត់ចុះទៅជួយសង្គ្រោះទាហានរបួសនៅអរិយក្សត្រ គាត់ត្រូវពួកទាហានរំដោះបាញ់សម្លាប់ អ៊ំអ៊ិន របស់កូនជាអ្នកប្រាប់ម៉ែ ។
ខ្ញុំ÷ ពុទ្ធោប៉ា! ប៉ាស្លាប់ព្រោះតែសង្គ្រាម ប៉ាស្លាប់ព្រោះតែលះបង់ជីវិតដើម្បីជាតិ ហេតុអ្វីបានជាព្រហ្មលិខិតមិនអាណិត និងជួយសង្គ្រោះប៉ាខ្ញុំផង?
បន្ទាប់ពីបានជួបគ្នាម្ដងនោះមក ខ្ញុំ និងម្ដាយលែងបានជួបគ្នា។ព្រោះពួកយើងសុទ្ធតែរវល់រៀងៗខ្លួន។ ខ្ញុំជាប្រជាជនចាស់ ឯម្ដាយខ្ញុំជាប្រជាជនថ្មី ទោះបីជាភូមិដែលខ្ញុំរស់នៅ និងភូមិដែលម្ដាយរបស់ខ្ញុំរស់នៅស្ថិតនៅក្នុងស្រុកតែមួយ និងមានចម្ងាយផ្លូវត្រឹមតែ ៨ គីឡូម៉ែក៏ដោយ ខ្ញុំ និងម្ដាយរស់នៅក្នុងពិភពលោកពីរផ្សេងគ្នា។ យើងពិបាកជួប ពិបាកនិយាយ និងពិបាកសព្វបែបយ៉ាងរកអ្វីមកប្រៀបប្រដូចមិនបានឡើយ។
ក្នុងវ័យ ១៤ ឆ្នាំ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យកាប់ដើមទន្ទ្រានខេត្តយកមកធ្វើជីនៅពេលព្រឹក និងមើលគោមួយភូមិនៅពេលរសៀលជាមួយចាស់ៗចំនួនបីនាក់។ អង្គការបានរៀបចំឲ្យមានរោងបាយរួម និងដកហូតនូវរាល់ទ្រព្យសម្បត្តិដាក់ជាសហករណ៍រួមគ្នា។ ខ្ញុំមានតែចានដែកមួយនិងស្លាបព្រាមួយទុកសម្រាប់ហូបបបររាវដូចទឹក។ ក្នុងបបរមួយខ្ទះត្នោតធំមេចុងភៅដាក់អង្ករតែពីរកំប៉ុង និងលាយជាមួយគ្រាប់ពោតតែ ៥ កំប៉ុងប៉ុណ្ណោះ ហើយអនុញ្ញាតឱ្យយើងហូបក្នុងមួយថ្ងៃពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
ប្រជាជនម្នាក់ៗ មានរូបរាងស្គមស្គាំង ស្លេកស្លាំង ហើយត្រូវទទួលរងនូវភាពអត់ឃ្លានយ៉ាងធ្ងន់។ នៅពេលមានជំងឺម្ដងៗអង្គការបានអនុញ្ញាតឲ្យយើងទៅបើកថ្នាំអាចម៍ទន្សាយដែលគេជឿថា ជាថ្នាំទិព្វអាចព្យាបាលជំងឺបាន ១០០ មុខ។ ខ្ញុំបានឃើញរាល់ទិដ្ឋភាពយ៉ាងខ្លោចផ្សារជាច្រើន ពេលខ្លះខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមក្មេងៗ ធ្វើទារុណកម្មលើប្រជាជនថ្មីដោយវាយដំ និងទាត់ធាក់យ៉ាងសាហាវឃោរឃៅ។ ជាងនេះទៅទៀត ខ្ញុំបានឃើញក្រុមឈ្លបចាប់ចងប្រជាជនជាខ្សែខ្សែៗ យកទៅសម្លាប់ដោយគ្មានអាណិតអាសូរ។
ដើមខែកក្កដា ឆ្នាំ ១៩៧៧ ស្ថានភាពនៃការរស់នៅរបស់ប្រជាជនខ្មែរកាន់តែមានសភាពតានតឹងខ្លាំង និងរឹតបន្តឹងគ្រប់ពេលវេលា។ អង្គការបានចាប់ផ្ដើមធ្វើវិសុទ្ធកម្ម រៀបចំផែនការកម្ទេចប្រជាជនថ្មីរួមជាមួយកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានមួយចំនួនដែលជាប់សង្ស័យថា ជាខ្មាំងប្រឆាំងនឹងអង្គការ។ ថ្ងៃមួយម៉ោងប្រហែល ៧ព្រឹក ខ្ញុំត្រូវបានប្រធានកងចាត់តាំងឲ្យទៅកាប់ដើមទន្ទ្រានខេត្រនៅព្រៃខាងលិចភូមិដូចសព្វមួយដង ស្រាប់តែខ្ញុំបានឃើញកងទ័ពអាវខ្មៅក្មេងៗចំនួនបីនាក់ អូសកាំភ្លើងសឹងតែមិនផុតពីដីកំពុងតែបណ្ដើរអ្នកទោសដែលជាប្រជាជនថ្មីមួយខ្សែធំឆ្ពោះទៅកាន់ព្រៃខាងលិចវត្តស្គន់។ អ្នកទោសទាំងនោះមានទឹកមុខស្រងូតស្រងាត់ឈានជើងដើរមួយៗ ដូចមនុស្សអស់សង្ឃឹមក្រោមសម្រែកជេរប្រទេចពីពួកកងទ័ពអាវខ្មៅនោះ។ ពេលនោះខ្ញុំបានជួបជាមួយយាយសួនជាអ្នកថែស្ពៃ និងឆៃថាវនៅខាងត្បូងវត្តស្គន់។ គ្រាន់តែគាត់ក្រឡេកឃើញខ្ញុំភ្លាមយាយសួនបានស្ទុះមកជួបខ្ញុំ និងខ្សឹបប្រាប់ខ្ញុំថា គាត់បានឃើញកងទ័ពអាវខ្មៅមួយក្រុមចាប់បណ្ដើរម្តាយ និងបងប្អូនរបស់ខ្ញុំមួយពូជពីភូមិ ឆ្ពោះទៅកាន់ព្រៃខាងលិចវត្តតាំងពីព្រឹកព្រលឹមម៉្លេះ ។ គ្រាន់តែបានឮដំណឹងនោះភ្លាម ខ្ញុំភ័យតក់ស្លុត ញ័រដៃញ័រជើង ព្រមជាមួយទឹកភ្នែកស្រក់ហូរដោយនឹកស្រមៃដល់ទិដ្ឋភាពចាប់មនុស្សដែលខ្ញុំធ្លាប់បានឃើញរៀងរាល់ថ្ងៃ។ ពេលនេះរឿងរ៉ាវទាំងអស់នេះបានកើតឡើងលើគ្រួសាររបស់ខ្ញុំហើយ។
តើម្ដាយ និងបងប្អូនប្រុសស្រីរបស់ខ្ញុំទាំងអស់មានវាសនាដូចអ្នកទាំងនោះឬយ៉ាងណា?
វេលាម៉ោង ៥ ល្ងាចខ្ញុំកំពុងតែដេញគោចេញពីវត្តស្គន់ឆ្ពោះទៅកាន់ក្រោលគោរួមនៅខាងលិចវត្តទាំងគ្មានព្រលឹងវិញ្ញាណនៅក្នុងខ្លួនសោះ។ ពេលនោះ ស្រាប់តែមានគោមួយនឹមបានបោលរត់ចេញពីហ្វូងឆ្ពោះទៅកាន់ព្រៃខាងលិចភូមិ។ ខ្ញុំចេះតែដេញតាមគោរហូតដល់ក្នុងព្រៃ ស្រាប់តែខ្ញុំបានឃើញកងទ័ពប្រាំនាក់កំពុងតែឈរនៅក្នុងព្រៃ ថែមទាំងមានមេក្រូចាក់ឮសូរទ្រហឹងគ្រប់ទិសស្ដាប់អ្វីមិនឮទេ។ គ្រាន់តែឃើញខ្ញុំភ្លាមកងទ័ពម្នាក់ស្ទុះចេញមកទាំងមានកាន់កាំភ្លើងនៅដៃ ហើយបានស្រែកសម្លុតខ្ញុំថា តើឯងជាអ្នកណា? មកទីនេះមានការអ្វីដែរ?ខ្ញុំបានឆ្លើយតបទៅវិញថា បាទខ្ញុំជាអ្នកមើលគោ ខ្ញុំមកនេះដើម្បីរកគោមួយនឹមដែលបានបាត់ ខ្ញុំបានឃើញវារត់តម្រង់មកទីនេះ។ ខ្ញុំនិយាយស្ទើរមិនចប់ប្រយោគផងកងទ័ពនោះស្រែកដាក់ខ្ញុំថា ទៅវិញទៅ នៅទីនេះគ្មានគោដែលឯងចង់រកទេ ទៅ!ទៅ!ទៅ!។ បន្ទាប់ពីបានចេញមកវិញ ខ្ញុំបានលួចសម្លឹងមើលទិដ្ឋភាពនៅក្នុងព្រៃខាងលិចភូមិ ព្រោះខ្ញុំចេះតែមានអារម្មណ៍សង្ស័យមិនអស់ចិត្ត។ ខ្ញុំឃើញពួកទាហានអាវខ្មៅបានបញ្ជាឲ្យពួកអ្នកទោសជីករណ្ដៅធំៗ ជ្រៅៗនៅក្នុងព្រៃខាងលិចភូមិដើម្បីទុកកប់សាកសពដែលពួកវាបានសម្លាប់។ខ្ញុំបានឃើញរណ្ដៅជាច្រើនលាយឡំនឹងក្លិនស្អុយសាកសពមិនដឹងថាស្លាប់តាំងពីពេលណានោះទេ។
ព្រឹត្តិការណ៍ក្នុងរាត្រីមច្ចុរាជបានដិតដាមនូវស្លាកស្នាមជីវិតសែនឈឺចាប់មិនអាចបំភ្លេចបានក្នុងបេះដូងរបស់ខ្ញុំរហូតដល់សព្វថ្ងៃនេះ។ តើប្រជាជនទាំងអស់នោះមានទោដកំហុសអ្វី បានជាពួកគេត្រូវទទួលរងនូវអំពើអមនុស្សធម៌យ៉ាងនេះ?
* ស្លាកស្នាមអនុស្សា÷
ម៉ោង ១១ ព្រឹក កម្មវិធីគោរពវិញ្ញាណក្ខន្ធនៅក្នុងទិវាជាតិនៃការចងចាំបានឈានដល់ទីបញ្ចប់។ ខ្ញុំភ្ញាក់ព្រឺតហាក់បីដូចជាមនុស្សទើបភ្ញាក់ពីដំណេកដែលកំពុងតែយល់សុបិនអាក្រក់យ៉ាងតក់ស្លុត។បន្តិចក្រោយមក ខ្ញុំខំព្យាយាមសម្រួលអារម្មណ៍ឡើងវិញ ហើយបានដឹងខ្លួនយ៉ាងច្បាស់ថា វាជារឿងពិតនៃជីវិតខ្ញុំនៅក្នុងរបបខ្មែរក្រហម។ ថ្វីត្បិតតែរយៈពេលជាង ៤០ ឆ្នាំបានកន្លងផុតបាត់ក៏ពិតមែន តែស្លាកស្នាមអនុស្សាវរីយ៍នៃខ្សែជីវិតរស់នៅដ៏ឈឺចាប់ក្នុងរបបខ្មែរក្រហម នៅតែដិតដាមជាប់ដូចជាទើបនឹងកើតឡើងថ្មីៗ ព្រោះតែសង្គ្រាម ព្រោះតែភាពលោភលន់ និងមនោគមន៍វិជ្ជាអសីលធម៌របស់មេដឹកនាំដ៏ល្ងង់ខ្លៅ បានកែវាសនាប្រទេសកម្ពុជាឱ្យដើរថយក្រោយនិងមានវិប្បដិសារីអស់មួយជីវិត៕(ចប់ដោយបរិបូណ៌)