សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា”

ចែករំលែក៖

ខេត្តកណ្តាល៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការប្រារព្ធខួប លើកទី៨០ នៃការបង្កើតកងកម្លាំងនគបាលជាតិ គឺជាការចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម, និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និងជាពេលវេលាសមស្រប សម្រាប់ថ្លែងអំណរគុណ និង ការដឹងគុណចំពោះវីរភាពយ៉ាងអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាល ទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ហើយជាគ្រឹះយ៉ាងសំខាន់ក្នុង ការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

បន្ថែមលើនេះ, បេសកកម្មរបស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុង ការការពារដាច់ខាត ដល់សន្តិភាព, អធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ដោយធានាមិនឱ្យ មានការជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់ស្កាត់ និងប្រឆាំងរាល់អំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, សកម្មភាពវិច្ឆេទកម្ម, សកម្មភាពវិទ្ធង្សនា, ការបង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ ដែលបង្កឱ្យមានអស្ថេរភាពក្នុងសង្គម តាមរយៈល្បិចកលទុច្ចរិតនានា ដូចជា ការលើកយកករណីសំណង់ព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់បូរណភាពទឹកដី ជាដើម។ ជាមួយនេះ, កងកម្លាំងនគរបាលជាតិក៏បានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជា៖ បទល្មើសគ្រឿងញៀន ខុសច្បាប់, អំពើជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា, ការឆបោកតាមអនឡាញ, សកម្មភាព ក្មេងទំនើង ព្រមទាំង ការអនុវត្តច្បាប់ចរាចរណ៍, ការអន្តរាគមន៍, ការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ រស់នៅដោយសុខក្សេមក្សាន្ត។

ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតី បានដាក់ចេញនូវអនុសាសន៍ជូនដល់កងកម្លាំងនគរបាលជាតិ​ ដូចជា៖

១/ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ, ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ», ការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការអភិវឌ្ឍប្រឆាំងទប់ស្កាត់អានុភាពអមិត្ត, ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។

២/ ត្រូវខិតខំពង្រឹង​សន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា,បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្ក្រាបបណ្តាញភេរវកម្ម ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល ដោយត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូសំខាន់ៗ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជាតិ និង សន្តិសុខសង្គមនៃកម្ពុជា។

៣/ ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ។

៤/ ត្រូវគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថាសណ្តាប់ធ្នាប់តាមទីសាធារណៈ,សណ្តាប់ធ្នាប់ចរាចរណ៍ មានការរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ,កំណើនសេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និង កំណើនយានយន្តគ្រប់ប្រភេទ ។

៥/ ត្រូវពង្រឹង និង លើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពសាមញ្ញ, លឿន រហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំងការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាមក្នុងដែនសមត្ថកិច្ចរបស់នគរបាលជាដើម។

៦/ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

...

និង ៧/ លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប, សូមខិតខំបន្តស្មារតីតស៊ូ, អត់ធន់, យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ, បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺការពារសន្តិភាព, ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print