ភ្នំពេញ ៖ បើយោងព្រះរាជក្រឹត្យ នស/រកត/០៥០១/១៧៨ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
ជំពូកទី ៨ ការចោទប្រកាន់តាមផ្លូវតុលាការ !
ក្នុងករណីដែលមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ព្រះរាជអាជ្ញាត្រូវជូនដំណឹង អំពីការចោទប្រកាន់ទៅរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ ។
បើមានការចាប់ខ្លួន ឬការឃាត់ខ្លួន ឬការឃុំខ្លួនជាបណ្តោះអាសន្ន លើមន្ត្រីនគរបាលជាតិ កម្ពុជាណាមួយនោះ ព្រះរាជអាជ្ញា ឬចៅក្រមមានសមត្ថកិច្ច ត្រូវរាយការណ៍ជាបន្ទាន់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មន្ត្រីនគរបាលជាតិកម្ពុជាណាដែលកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជំរះអាចត្រូវផ្អាកពីមុខងារសិនក្នុងករណីចាំបាច់។
ក្នុងករណីដែលមន្ត្រីនគរបាលជាតិកម្ពុជា ត្រូវផ្អាកពីការងារដោយផ្អាកបៀវត្ស មន្ត្រីនគរបាលជាតិកម្ពុជានោះ ត្រូវបានទទួលអោយចូលធ្វើការវិញភ្លាម ដោយគិតពីអតីតភាព ឋានន្តរសក្តិ សោធននិវត្តន៍ និងទទួលបៀវត្សប្រតិសកម្មផង បើតុលាការប្រកាសអោយរួចខ្លួនជាស្ថាពរ ។
ការផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយឥតព្យួរទោស បណ្តាលអោយមានការលុបឈ្មោះ ចេញពីក្របខ័ណ្ឌនគរបាលជាតិដល់មន្ត្រីនគរបាលជាតិកម្ពុជានោះ គិតពីថ្ងៃសាលក្រមចូលជាស្ថាពរ ៕
ដោយ ៖ សិលា