ជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន ១០០កញ្ចប់ ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ឱ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ ថា ជនសង្ស័យទី១ ដែល កម្លាំងជំនាញបានឃាត់ខ្លួនមាន ឈ្មោះ ឈឹម លាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់ (ទម្ងន់ ១.៧៣ក្រាម), ម៉ូតូចំនួន ១គ្រឿង, ទូរស្ទ័ពចំនួន ១គ្រឿង, ដែកឆាបចំនួន ១ដើម, កាំបិទចុងស្រួចចំនួន ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឈឹម លាន់ សមត្ថកិច្ចអាវុធហត្ថខេត្ត សហការបន្តជាមួយអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច បានបន្តបើកប្រតិបត្តិការស្រាវ ជ្រាវ និងឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ ក្នុងភូមិជាមួយគ្នា ជាមេក្លោងចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំប្រចាំមូលដ្ឋាន។ ក្នុងរង្វង់ប្រតិបត្តិការនោះ កម្លាំងជំនាញបានប្រមូល និងចាប់យកវត្ថុតាងមួយចំនួន រួមមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៩៣កញ្ចប់(ទម្ងន់ ២៣.៤ក្រាម) និងទូរស្ទ័ព១គ្រឿង។

លោក ម៉េង ស្រ៊ុន បានបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការ និងសាកសួរចម្លើយដើម្បីកសាងសំណុំរឿង កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃទីបញ្ជការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ រួមនិងគ្រឿងញៀនចំនួន ១០០កញ្ចប់ វត្ថុតាងផ្សេងទៀតទៅកាន់សាលាដំបូងរួចហើយ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥។

...

សូមបញ្ជាក់ថា ជាមួយនឹងលទ្ធផលនៃរង្វង់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំស្រួច ប្រជាពលរដ្ឋ បានសាទរ និងកោតសរសើរចំពោះប្រតិបត្តិការនេះ ហើយរំពឹងថា មូលដ្ឋានរស់នៅរបស់ពួកគាត់លែងមានការចរាចរគ្រឿង ញៀនបន្តទៀត ហើយកូនៗរបស់ពួកគាត់គេចផុតពីហានិភ័យនៃគ្រឿងញៀននេះដែរ។ ប្រជាពលរដ្ឋក៏ទទូចឱ្យសមត្ថកិច្ចបន្តបង្ក្រាបដូចភ្លៀងរលឹម ដើម្បីបោស សំអាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ពីមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print