ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់នៅក្បែរភ្លឺស្រែ ខណៈផ្ទៃមេឃស្រទុំ តែគ្មានភ្លៀងធ្លាក់មួយដំណក់សោះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ឧសភា ស្ថិតនៅចំណុចវាលស្រែមួយន្លែង ក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី នៅពេលគាត់កំពុងរៀប ចំព្រោះស្រូវនៅលើដីស្រែរបស់គាត់ ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូ ផុត ភេទប្រុស អាយុ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំកើតហេតុ ។ គាត់ត្រូវរន្ទះបាញ់ដួលស្លាប់ក្បែរភ្លឺស្រែយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្វីដែលនាំឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលខ្លាំងនោះ ដោយសារតែពេលកើតហេតុ គ្មានភ្លៀងធ្លាក់មួយតំណក់ទេ ។ ពេលនោះ មេឃគ្រាន់តែស្រទុំ ហើយក៏មានរន្ទះបាញ់យ៉ាងសាហាវបែបនេះ ។
បើតាមអ្នកភូមិជិតខាងនិយាយថា ជនរងគ្រោះកំពុងរៀបចំព្រោះស្រូវលើដីស្រែដែលទើបសម្អាតរួច ។ គាត់មានកាន់ធុងស្ពេត្រូក្នុងដៃផង ដើម្បីដាក់ស្រូវយកទៅព្រោះ ។ ប្រភពបញ្ជាក់ថា ស្របពេលនោះ ស្រាប់តែផ្ទៃមេឃងងឹតរកកលភ្លៀង តែមិនទាន់ស្រក់ទឹកភ្លៀងមួយតំណក់ផង បែរជាមានរន្ទះបាញ់លាន់កក្រើកបណ្ដាលឲ្យត្រូវចំជនរងគ្រោះ ដេកដួលស្លាប់ក្បែរភ្លឺស្រែតែម្ដង ។
សមត្ថកិច្ចបានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗដែរ ក្រោយទទូលបានព័ត៌មាននេះ ដើម្បីពិនិត្យសាកសពជនរងគ្រោះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានស្នាមរបួសនៅលើទ្រូង និងកន្លែងផ្សេងទៀត រីឯធុងស្ពេត្រូដែលគាត់កាន់សម្រាប់ដាក់ស្រូវយកទៅព្រោះ ក៏ត្រូវរន្ទះបាញ់បែកខ្ទេចដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះ បាតុភូតធម្មជាតិដ៏កាចសាហាវនេះ បានកើតឡើងស្ទើរដំណាលៗគ្នា នៅស្រុកបាណន់ និងស្រុកមោងប្ញស្សី ។ តាមសេចក្ដីរាយ ការណ៍នៅស្រុកបាណន់ ខ្យល់កន្ត្រាក់បានវាយប្រហារលំនៅឋានរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតអស់ចំនួន០៥ខ្នង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា លំនៅឋានដែលខូចខាតនោះ ភាគច្រើនរបើកដំបូល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដ៏កាចសាហាវនេះ ដែលអាចកើតឡើងដោយជាយថាហេតុ៕