ខេត្តស្ទឹងត្រែង : នៅរសៀលថ្ងៃសុក្រទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ លោកសរ សុពុត្រា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានបង្ហោះលើគណនីហ្វេសបុ៊ករបស់លោកដោយបានកោតសរសើរដល់កម្លាំងចម្រុះរួមមាន៖ កម្លាំងជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, កងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ដោយមានកិច្ចសហការគាំទ្រពីអង្គការអភិរក្សសត្វព្រៃសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានបើកប្រតិបត្តិការកៀងចាប់ហ្វូងសត្វទន្សោងដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំណុចដែលមានការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុកនិងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។ លោកបានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារកៀងចាប់បានសត្វទន្សោងចំនួន១៦ក្បាល (ញីចំនួន ១១ក្បាល) ៕
