ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ។
-សម្តេចធិបតី ថ្លែងថា ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែងកប់ចោលដដែល ។
-សម្ដេចធិបតី ថ្លែងថា ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិ ដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។ កាលពីម្ភៃឆ្នាំមុនតំបន់វាលវែងជាកន្លែងរហោឋាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ។ សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម។
-សម្ដេចធិបតី ថ្លែងរម្លឹកថា កាលសម្ដេចតេជោ អញ្ជើញថ្លែងបាឋកថា នៅឥណ្ឌូណេស៊ី និងទីម័រឡេស្ដេ ហើយបានឡើកឡើងពីការស្វែងរកសន្ដិភាពរបស់កម្ពុជា ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ក្នុងនោះពេលមានការប្រឈមជាមួយអង្គការសហប្រជាជាតិដែលអាចធ្វើឱ្យកម្ពុជាផ្ទុះសង្គ្រាមឡើងវិញ បែរជាមានក្រុមជ្រុលនិយមមួយក្ដាប់តូចនាំគ្នារិះគន់ទៅវិញ ខណៈដែលពេលនោះ បើសិនជាគ្នានការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ និងការជម្នះរបស់សម្ដេចតេជោ នាពេលនោះ គឺកម្ពុជាងាយនឹងត្រលប់មករកសង្គ្រាមវិញណាស់។
-សម្ដេចធិបតី ថ្លែងថា យើងកំពុងខិតខំទាញយកប្រភពថាមពលអគ្គិសនី ពីថាមពលកកើតឡើងវិញ ដើម្បីបញ្ចុះតម្លៃអគ្គិសនីឱ្យបានកាន់តែច្រើនថែមទៀត។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវនេះ ធ្វើដើម្បីតភ្ជាប់សេដ្ឋកិច្ចពីខេត្តមួយទៅខេត្តមួយ ឱ្យប្រទាក់ក្រឡាគ្នា សេដ្ឋកិច្ច និងចូលរួមចំណែកការពារបូរណភាពទឹកដី។
-សម្ដេចធិបតី ថ្លែងថា៖ ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងកោះកុង និងសំឡូត ឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់ សម្រេចបានការសាងសង់រួចរាល់ទាំងស្រុងហើយ រង់ចាំតែការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ជំហរដោយម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលគឺនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយមិនមានការលើកលែង ឬការយោគយល់នោះឡើយ។
-សម្ដេចធិបតី ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមឈប់បារម្ភ ឈប់ព្រួយ ឈប់បង្ហាញនូវការមិនទុកចិត្តចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដូចជាគ្រោះថ្នាក់ចរាចរណ៍កន្លងមកជាដើម គឺជនបង្កត្រូវបានអនុវត្តតាមនីតិវិធីរបស់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះហើយ ត្រូវទទួលទោសទណ្ឌទៅតាមច្បាប់កំណត់ថែមទៀត គឺមិនមានករណីរួចខ្លួន ឬ លើកលែងនោះឡើយ។
-សម្ដេចធិបតី រំលេចបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ គឺសម្ដេចតាមដានការអ នុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញជាប់ជាប្រចាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា យុត្តិធម៌សង្គម ត្រូវមាន សម្រាប់ទាំងអស់គ្នា។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នមានរោងចក្រ និងសហគ្រាសជាច្រើន កំពុងប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម ដោយសារមានរោងចក្រ និងសហគ្រាសជាច្រើនបាន និងកំពុងសាងសង់នៅតាមបណ្ដាខេត្តជាច្រើន។
-សម្ដេចធិបតី ថ្លែងថា ប្រទេសកម្ពុជា មានឱកាសរីកចម្រើនទៅបាន បញ្ចប់សង្គ្រាមទាំងស្រុង ព្រោះតែពលរដ្ឋរើសគណបក្សដឹកនាំប្រទេសត្រូវ។
-សម្ដេចធិបតី ថ្លែងថា នេះជាលើកទី១ ដែលខេត្តកោះកុងទទួលបានភ្ញៀវទេសចរណ៍លើសលប់ រហូតគ្មានផ្ទះសំណាក់ សម្រាប់ភ្ញៀវស្នាក់នៅ រហូតទៅស្នាក់នៅផ្ទះពលរដ្ឋ និងតាមវត្តអារាម ដែលការណ៍នេះ កើតឡើងបានព្រោះតែផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបង កាត់ពោធិ៍សាត់ ទៅកោះកុង។
-សម្ដេចធិបតី ថ្លែងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការចាយលុយដ៏ច្រើន ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ភ្ជាប់ពីខេត្តមួយទៅខេត្តមួយ បង្កើតបានជាប្រយោជន៍ជាច្រើនដល់ពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ជាពិសេសក្នុងអាណត្តិទី៧នេះ មានចំនួនជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា អរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងស្នើដល់អាជ្ញាធរដែនដីរៀបចំសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ លេងកី ឡា អភិវឌ្ឍន៍តំបន់កម្សាន្តសម្រាប់ប្រជាពលរដ្ឋ អ្នកទេសចរ វិនិយោគ ដើម្បីទាញផលពីការអភិវឌ្ឍនេះ។
-សម្ដេចធិបតី ស្នើអាជ្ញាធរយកចិត្តទុកដាក់បញ្ហាតំបន់ទេសចរណ៍បរិស្ថាន លើកទឹកចិត្តវិនិយោគទេសចរណ៍ខ្នាតតូចអភិរក្សតំបន់ទេសចរមួយចំនួន ប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍តំបន់បៃតង ដើម្បីបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ នៅតាមសហគមន៍។
-សម្ដេចធិបតី ថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជាជីវៈ តាមការណែនាំរបស់សម្ដេច គឺបានប្រជុំគ្នារួចហើយ ដោយទៅថ្ងៃមុខនឹងកំណត់ការសិក្សារបស់សិស្សនៅត្រឹមថ្នាក់ទី១០ថា តើជ្រើសរើសបន្តការសិក្សាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបែរមកជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈវិញ។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នេះ អាចចេញទៅធ្វើការនៅតំបន់ផ្សេងៗបាន។
-សម្តេចធិបតី ថ្លែងថា រាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹង គឺត្រូវអនុវត្តច្បាប់គោលការណ៍នេះមិនមែនសងលុយហើយរួចខ្លួននោះទេ៕ដោយ៖តារា