ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ពាក្យ ស្នេហាជាតិ ស្នេហាទឹកដី មិនមែនចេះតែនិយាយតែលើបបូរមាត់ តាមរយៈបណ្តាញសង្គមពីក្រៅ ប្រទេសនោះទេ ប៉ុន្តែស្នេហាជាតិពិតប្រាកដស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែង និងការដាក់ចេញ គោលនយោបាយដើម្បីអភិវឌ្ឍប្រទេសជាតិនិងថែរក្សាសុខសន្តិភាពសម្រាប់ប្រជាជន។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរីកចម្រើនទាំងឡាយរបស់សង្គមជាតិ កើតឡើងដោយសារគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ ដែលបង្ហាញពីការស្នេហាជាតិស្នេហាទឹកដី មិនមែន គ្រាន់តែនិយាយដូចមជ្ឈដ្ឋានបុគ្គលមួយចំនួននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្តែងនៅបរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។
សម្ដេចធិបតី៖ សុំលើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នេះ អាចចេញទៅធ្វើការនៅតំបន់ផ្សេងៗបាន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជាជីវៈ តាមការណែនាំរបស់សម្ដេច គឺបានប្រជុំគ្នារួចហើយ ដោយទៅថ្ងៃមុខនឹងកំណត់ការសិក្សារបស់សិស្សនៅត្រឹមថ្នាក់ទី១០ថា តើជ្រើសរើសបន្តការសិក្សាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបែរមកជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈវិញ ៕
ដោយ ៖ សិលា