មេខ្លាឃ្មុំមួយក្បាលបានចិញ្ចឹមកូនចចក ៣ ក្បាលដើម្បីឲ្យជួយថែរក្សាកូន និងជម្រករបស់វា។
ថ្ងៃមួយ មានស្វាកញ្ចាស់មួយក្បាលដែលត្រូវជាមិត្តភក្តិនឹងមេខ្លាឃ្មុំបានមកលេងមេខ្លាឃ្មុំដល់ជម្រក។ ដោយហេតុតែចង់យកអាសារ និងថែរក្សាទ្រព្យសម្បត្តិម្ចាស់នោះ កូនចចកទី១បានព្រុសនិងខាំស្វានោះឲ្យងាប់ ។ មេខ្លាឃ្មុំខឹងណាស់ក៏សម្លាប់កូនចចកទី១ដែលខាំមិត្តភក្តិរបស់ខ្លួនឲ្យងាប់ដូចស្វាដែរ។
ក្រោយមក នៅពេលយប់ស្ងាត់ មានសត្វកញ្ជ្រោងធំមួយក្បាលចូលមកជម្រកខ្លាឃ្មុំបម្រុងចាប់កូនខ្លាឃ្មុំស៊ី។ ពេលឃើញដូច្នោះចចកពីរក្បាលដែលសល់ពីងាប់ទៅពួនកន្លែងងងឹតរួចខ្សឹបជជែកពិភាក្សាគ្នា ដោយចចកទី៣សួរចចកទី២ថា÷ យើងគួរព្រុសឱ្យមេដឹងឬយ៉ាងណា? កូនចចកទី២ប្រាប់ថា លើកមុនព្រោះតែបងចចកទី១បានព្រុស និងខាំស្វាឱ្យងាប់នេះហើយទើបធ្វើឲ្យលោកម្ចាស់(ខ្លាឃ្មុំ)ខឹងសម្លាប់រៀមច្បងទី១ចោល។ ម្ដងនេះបើយើងព្រុសដូចបងទី១ទៀតច្បាស់ជាលោកម្ចាស់សម្លាប់យើងចោលជាមិនខាន។ ដូច្នេះយើងមិនបាច់ព្រុសទេ។
ឃើញឱកាសល្អដូច្នេះ សត្វកញ្ជ្រោងសប្បាយចិត្តណាស់បានចូលទៅអុកឡុក និងចាប់កូនខ្លាឃ្មុំយកទៅហែកស៊ីតាមចិត្ត។
ស្អែកឡើង ខ្លាឃ្មុំយំបាត់បង់កូនសម្លាញ់ ក៏ហៅចចកទាំង២ក្បាលមកសួរ ហើយដឹងថាចចកទី ២ ជាអ្នកហាមប្រាមចចកទី ៣ មិនឲ្យព្រុស។ ខ្លាឃ្មុំខឹងណាស់ ក៏យកឈើសំពងចចកទី២ឱ្យងាប់ដូចចចកទីមួយដែរ។ ពេលដឹងថាចចកទី១ និងចចកទី ២ ត្រូវលោកម្ចាស់សម្លាប់យ៉ាងដូច្នេះ ចចកទី៣ តូចចិត្តពេកក៏ឡើងទៅលើភ្នំបម្រុងលោតសម្លាប់ខ្លួន។ មុនសម្លាប់ខ្លួន ចចកទី ៣ ស្រែកថា ” ព្រុសក៏ខុស មិនព្រុសក៏ខុស ផ្គាប់ចិត្តសត្វលោកមិនត្រូវទេ ” ៕ ដោយ÷ ហុក បួន
គំនិតពិចារណា ÷ ធ្វើក៏ខុស មិនធ្វើក៏ខុស អ្នកមិនខុសគឺអ្នកដេកចាំតែមើល ចាំតែថា “