សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃរបបប្រល័យពូជសាសន៍ និងអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ចែករំលែក៖

ភ្នំពេញ ៖ ទោះបីជាពេលបច្ចុប្បន្ននេះ រឿងរ៉ាវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានកន្លង ផុតទៅ ហើយប្រជាជនកម្ពុជាបាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្តែតបណ្តោយ ឬបំភ្លេចអតីតកាលដ៏ជូរចត់នេះឡើយ។ នេះគឺជាខ្លឹមសារនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវានៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការសម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ការរំលឹកទិវាជាតិនៃការចងចាំនេះ ក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥នេះ ជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់បានហែលឆ្លងកាត់ឈាម និងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហមបានបំផ្លិចបំផ្លាញ ចោលស្ទើរគ្មានសល់នូវខឿនសេដ្ឋកិច្ចជាតិ ខឿនវប្បធម៌ជាតិ និងធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវ ចិត្ត និងចាប់បង្ខំឱ្យធ្វើការដូចសត្វធាតុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ការពារកុំឱ្យរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញ និងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្រ្គាម ហើយសង្រ្គាមនឹងធ្វើឱ្យប្រទេសជាតិកី្រក្រលំបាកវេទនា អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពលនិងសកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិយើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print