សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២០ ខែឧសភា ឆ្នាំ២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។​ រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះដែរ គឺជារោង​ចក្រ​ទី២ហើយ ខណៈ​រោងចក្រទី១ ស្ថិតនៅស្រុក​រត​ន​មណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​កោតសរសើរដល់អាជ្ញាធរសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំទីតាំងរោងចក្រ ដែលមានបរិស្ថានល្អ សម្រាប់ការងាររបស់បងប្អូនកម្មករនិយោជិតនៅទីនេះ។

-សម្តេចធិបតី ថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុបក្នុងប្រទេសកម្ពុជា ដោយបានចំណាយថវិកាជាង ពីររយលានដុល្លារអាមេរិក ហើយអាចផលិតស៊ីម៉ងត៍ បានជាងពីរលានតោនក្នុងមួយឆ្នាំៗ។

-សម្ដេចធិបតី ថ្លែងថា​ ថ្ងៃនេះ ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

-សម្ដេចធិបតី ថ្លែងថា​ ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

-សម្តេចធិបតី ថ្លែង​រំលឹកថា ដើម្បីទប់ស្កាត់កុំឲ្យមានការកាប់សម្លាប់ គ្នាបន្តទៀត បងប្អូនជនរួមជាតិទាំងអស់ត្រូវតែរួមគ្នាថែរក្សា ការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន។

-សម្ដេចធិបតី ថ្លែងថា​ សម្រេចចិត្តខុសតែមួយភ្លែតដែលក្រុមខ្មែរក្រហមធ្វើរដ្ឋប្រហារទម្លាប់សម្ដេចព្រះនរោត្តមសីហនុតែការសម្រេចចិត្តខុសនេះបានធ្វើឱ្យកម្ពុជារងគ្រោះសម្លាប់ប្រជាពលរដ្ឋជាង៣លាននាក់ និងធ្វើឱ្យប្រទេសរងគ្រោះជាង៣០ឆ្នាំ ដូច្នេះយើងត្រូវទប់ស្កាត់កុំឱ្យរបបដ៏ខ្មៅងងឹតនេះងើបឡើងវិញ។

-សម្តេចធិបតី ថ្លែង​ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព។

-សម្ដេចធិបតី​ ថ្លែងថា​ ទីតាំងនៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា, ទីតាំងតំបន់ឱរ៉ាល់នេះ ក៏ជាកន្លែងដែលសម្ដេចតេជោ ចាប់ផ្ដើមយកធ្វើការចាប់ផ្ដើមស្វែងរកសន្ដិភាពមុនគេផងដែរ។

-សម្ដេចធិបតី ថ្លែងថា​ ពាក្យសន្ដិភាពនេះ គឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយពាក្យនេះដែរ ដើម្បីរក្សាសន្ដិភាព។ សន្ដិភាពនេះ គឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រលប់មកវិញ។

-សម្ដេចធិបតី ថ្លែងថា​ ប្រទេសកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងតិ៍ នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់​ថា​ កម្ពុជា ប្រែខ្លួនពីប្រទេសនាំចូលស៊ីម៉ងត៍ ទៅជាប្រទេសនាំចេញ ខណៈឆ្នាំមុននាំចេញទៅថៃជាង៣ម៉ឺនតោន។

-សម្ដេចធិបតី ថ្លែងថា​ ប្រទេសណាក៏មានធ្វើរោងចក្រទាញយករ៉ែពីធនធានធម្មជាតិរបស់ពួកគេដែរ ប៉ុន្ដែការទាញយកនេះ គឺធ្វើដោយការទទួលខុសត្រូវ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីព្រោះយើងមិនអាចយកផលិតផលទាំងអស់នេះពីប្រទេសផ្សេងរហូតនាំឱ្យបាត់បង់ចំណូលជាតិនោះទេ។

-សម្ដេចធិបតី​ ថ្លែងថា​ ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា នាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះ ការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។

-សម្ដេចធិបតី ថ្លែងពន្យល់ថា មូលហេតុដែលកម្ពុជា កាយភ្នំយកថ្ម ផលិតស៊ីម៉ងត៍ គឺដើម្បីតែការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមិនចាំបាច់នាំចូលពីក្រៅ ហើយការកាយភ្នំនោះ គឺសុទ្ធតែមានការគិតគួរច្បាស់លាស់។

-សម្ដេចធិបតី ពន្យល់​បន្ថែម​ថា ក្រៅពីកម្ពុជា ប្រទេសក្នុងតំបន់អាស៊ានសុទ្ធតែកាយភ្នំយករ៉ែ ដូចគ្នា រាប់ទាំងសិង្ហបុរី និងប្រទេសចិនប្រទេសធំនៅក្រៅអាស៊ានដែរ។

-សម្ដេចធិបតី​ ថ្លែងថា​ រោងចក្រទាំង៦ មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោន ក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍន៍ការដ្ឋាន។

-សម្ដេចធិបតី​ ថ្លែងថា​ ការអភិវឌ្ឍកន្លែងណាក៏ដោយបើធ្វើទៅមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសហគមន៍ សូមកុំធ្វើ ពីព្រោះយើងអភិវឌ្ឍគឺដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរដ្ឋ។ ដូចជានៅតំបន់ភ្នំខ្នងផ្សារខ្ញុំឱ្យលុបគម្រោងអភិវឌ្ឍវិស័យឯកជនចេញហើយឱ្យរក្សាទុកតំបន់នោះឱ្យសហគមន៍ទទួលផលវិញដោយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនសហគមន៍។

-សម្ដេចធិបតី​ ថ្លែងថា​ គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងតិ៍ចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។

-សម្ដេចធិបតី​ ថ្លែងថា​ កុំផ្ដោតតែទេសចរបរទេស ឥឡូវយើងមានទេសចរក្នុងស្រុកច្រើនណាស់ ដូច្នេះត្រូវរៀបចំ ដើម្បីបំពេញតម្រូវការទេសចរនៅក្នុងស្រុក ឱ្យបានល្អ និងគ្រប់គ្រាន់។

សម្ដេចធិបតី បញ្ជាឱ្យភាគីពាក់ព័ន្ធពិនិត្យឱ្យល្អិត មុននឹងផ្ដល់អាជ្ញាបណ្ណរុករករ៉ែ កុំឱ្យបំផ្លាញពលរដ្ឋ វប្បធម៌ និងបរិស្ថាន

-សម្ដេចធិបតី ថ្លែង​បញ្ជាឱ្យភាគីពាក់ព័ន្ធ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឱ្យអាជ្ញាបណ្ណរុករករ៉ែ ដើម្បីកុំឱ្យការរុករករ៉ែនោះប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់វប្បធម៌ និងប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋតាមសហគមន៍ ដែលបញ្ហានេះ ទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល និងក្រសួងវប្បធម៌ ចូលរួមជាធ្លុងមួយ។

-សម្ដេចធិបតី ថ្លែង​អះអាងថា ការចុះទៅមើលផ្ទាល់ ទើបដឹងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះមើលនៅលើក្រដាសល្អណាស់ ប៉ុន្តែចុះទៅផ្ទាល់ផ្ទុយស្រឡះ។

-សម្ដេចធិបតី​ ថ្លែងបញ្ជាឱ្យអន្តរក្រសួងសិក្សារៀបចំ ពាក់ព័ន្ធនឹងការងារមូមខ្សាច់នៅកម្ពុជាឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់នានា។

-សម្ដេចធិបតី ថ្លែង​ណែនាំដល់ក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់សក្តានុពល ធនធានរ៉ែ សំណង់ និងរុករកធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់សហគមន៍មូលដ្ឋាន។

...

ដោយឡែក​របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា៖ គិតមក​ទល់ឆ្នាំ​២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនវិនិយោគ​សរុបប្រមាណ ១,១១ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូន​ប្រជា​ពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។ រោងចក្រទាំង៦ មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបាន​ប្រែ​ក្លាយ​កម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេស​មាន​លទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់​ផ្តើម​នាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០តោន​ក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុ​ម​ហ៊ុន​ចំនួន ៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print