ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវក៏ត្រូវជនមិនស្គាល់មុខមកវាយពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សៀម សីហា ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ដៃខាងស្តាំនិងហេីមភ្នែក មានទីលំនៅ នៅភូមិបរិវាស ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានផឹកស្រា អស់ពីរ ទៅបីកំប៉ុង បន្ទាប់មកបានឡើង ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ២០២៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KZ-8601 ជិះម្នាក់ឯងចេញ ពីផ្សារដីហុយធ្វើដំណើរទៅរកគូរស្នេហ៍ នៅឯម្ដុំវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងនាំយកទៅស្រុកកំណើតនៅខេត្តព្រៃវែងដេីម្បីឲ្យឪពុកម្ដាយរបស់ខ្លួនបានស្គាល់ ។ ខណៈជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣មកដល់ទល់មុខការាសាំង កាល់តិច ស្រាប់តែត្រូវជនមិនស្គាល់មុខបានវាយពីក្រោយបណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់សន្លប់ ចំណែកជនបង្កគេចខ្លួនទៅបាត់ ។
ជនរងគ្រោះបន្តថា ក្រោយមកក៏ដឹងខ្លួនវិញ រូបគាត់ក៏បានលេីកម៉ូតូជិះធ្វើដំណើរមកដល់ត្រង់ចំណុច ស្តុបផ្លូវបំបែក៣០ម៉ែត្រការ៉ាសាំង តូតាល់ (ក្នុងសា្មរតីវង្វង) ក៏ដួលសន្លប់ម្តងទៀតទេីបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយមកជនរងគ្រោះនបានដឹងខ្លួនមកវិញបានតេទូរសព្ទហៅគូរស្នេហ៍ ឲ្យមកយក ។ ក្រោយនារីជាគូរស្នេហ៍មកដល់ដោយឃើញ ស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏សុំឲ្យបងប្អូនពលរដ្ឋជួយទាក់ទង់ហៅរថយន្តសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ៧០ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកផ្នែកជំនាញការិយាល័យនៃអធិការខណ្ឌកំបូលបណ្ដោះអាសន្នរងចាំស្រាវជ្រាវបន្ត តាមនិតិវិធី៕
ដោយ ៖សុខាសែនជ័យ