ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងជំនាញសហការគ្នាសិក្សាការបូមខ្សាច់នៅផ្នែកខាងលើក្នុងខេត្តក្រចេះ ដើម្បីទប់ស្កាត់ការប្រែប្រួលចរន្តទឹក នាំឲ្យហូរមកបុកបាក់ច្រាំងទន្លេនៅផ្នែកខាងក្រោម ជាពិសេសនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងការងារនេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានលើកគម្រោង និងសុំការអនុញ្ញាតពីសម្តេច ធ្វើច្រាំងទន្លេចាក់បេតុងប្រវែងមួយគីឡូម៉ែត្រនៅកន្លែងដែលបាក់ស្រុតដោយចំណាយថវិកាជិត១០លានដុល្លារ តែសម្តេចបានសួរទៅរដ្ឋមន្រ្តីវិញថា តើអាចធានាបានប៉ុន្មានឆ្នាំ តែលោករដ្ឋមន្រ្តីឆ្លើយថាមិនហ៊ានធានាទេ។
ហេតុនេះហើយទើបសម្តេចនាយករដ្ឋមន្រ្តី ប្រាប់ត្រឡប់ទៅវិញថា ចឹងធ្វើនាំតែឥតប្រយោជន៍ ហើយណែនាំឲ្យសិក្សាបូមខ្សាច់នៅផ្នែកខាងលើវិញ ព្រោះដីដុះនាំឲ្យមានការប្រែប្រួលចរន្តទឹកហូរ។
ពីពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា៖« ខ្សាច់យើងនៅខាងលើ នៅទន្លេមេគង្គលើ ខាងក្រចេះ នៅខាងកំពង់ចាម ដុះច្រើន។ ការដុះនេះ បើដុះតែវាមិនអីទេ ប៉ុន្តែវាធ្វើឱ្យប្រែប្រួលចរន្ទទឹក អ៊ីចឹងវាមក(ធ្វើឱ្យ)ច្រាំងបាក់ នៅខាងក្រោម នៅស្ទឹងត្រង់ នៅអីបាក់។»។
ជុំវិញផែនការទប់ស្កាត់ការបាក់ច្រាំងទន្លេនេះដែរ សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់ទទួលបានសំណើគម្រោងចាក់បេតុងប្រវែង១គីឡូម៉ែត្រ ដើម្បីទប់ច្រាំងទន្លេ ពីក្រសួងធនធានទឹក និងឧតុនិយមដែរ។ ប៉ុន្តែគម្រោងដែលអាចចំណាយថវិការហូតដល់ ១០លានដុល្លារនេះ ត្រូវបានសម្តេច នាយករដ្ឋមន្ត្រី ច្រានចោល ដ្បិតមិនមានការធានាពីនិរន្តរភាពនៃការប្រើប្រាស់។
«ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក ឡើងគម្រោងមួយ គាត់ថា ចង់ទប់នៅតំបន់កន្លែងបាក់ហ្នឹង គាត់ថា គាត់សុំធ្វើរបងមួយគីឡូដី។ ចាក់ច្រាំងមួយគីឡូដីបេតុង អស់ជិត១០លានដុល្លារ។ ខ្ញុំសួរថាធានាបានប៉ុន្មានឆ្នាំ ? គាត់ថាសម្តេច ខ្ញុំអត់ហ៊ានធានាទេ ស៊ីសងលើទឹក។ ខ្ញុំថាមិនបាច់ធ្វើទេ ធ្វើវាអត់ប្រយោជន៍ សុខចិត្ត រកលុយបូមខ្សាច់(ដុះនៅផ្នែកខាងលើទន្លេ) ទាញចរន្ត(ទឹក)មកវិញ។»។ នេះជាការពន្យល់បន្ថែមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ពាក់ព័ន្ធនឹងករណីដីដុះនេះដែរ សម្តេច ហ៊ុន ម៉ាណែត បានរំឭកដល់ហេតុការណ៍ដែល លោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម និងត្រូវជាអ៊ំប្រុសរបស់ខ្លួន ដែលធ្លាប់បានទទួលបណ្តឹងតវ៉ារបស់ពលរដ្ឋនៃស្រុកកងមាស ប្តឹងសុំដីនៅកោះសូទិន។ សម្តេច ធិបតីហ៊ុន ម៉ាណែត រៀបរាប់ដូច្នេះថា៖« ដោយសារទឹកវាបុកដី បាក់ដីនៅកងមាស ដល់វាទៅដុះនៅកោះសូទិន។ ដល់អ៊ីចឹងប្រជាពលរដ្ឋគាត់មកទារ ថាដីគាត់បាក់នេះ ទៅដុះខាងណោះ គាត់មកសុំដីគាត់វិញ។ គាត់(អ៊ំ)សួរខ្ញុំ គាត់ថា អ៊ំសួរតិចមើលអាវ៉ា! រឿងហ្នឹងយ៉ាងម៉េច? ខ្ញុំថា អ៊ំអើយខ្ញុំមិនដឹងដែរ ច្បាប់ភូមិបាល ដូចអត់មាននិយាយអ៊ីចឹងទេ។»។ រំឭករឿងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅពលរដ្ឋដែលនៅខាងដីបាក់ទាំងសំណើចថា កុំទៅទារដីនៅខាងដីដុះ។ ហើយបើមានការបូបដី(ខ្សាច់)ដុះនោះវិញ ក៏សូមពលរដ្ឋកុំ មានប្រតិកម្ម។ ប្រមុខរាជរដ្ឋាភិបាល ពន្យល់បន្ថែមថា៖ «ព្រោះដីដុះនេះ ដីខ្សាច់នេះ បង្កបង្កើនផលអត់កើត ហើយវាធ្វើឱ្យចរន្តទឹកមកបុក។ ប្រែប្រួលចរន្តទឹក។»។ ក្រៅពីរឿងដីខ្សាច់ដុះ និងការបាក់ច្រាំងទន្លេនេះ សម្តេច ហ៊ុន ម៉ាណែត ក៏ជំរុញឱ្យក្រសួងក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន, និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ដោយការទទួលខុសត្រូវខ្ពស់ សិក្សាឱ្យបានច្បាស់មុនផ្តល់អាជ្ញាបណ្ណ ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ។ ទន្ទឹមនឹងនេះ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវធានាថាក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ មានប្រតិបត្តិការងារប្រកបដោយការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់កម្មករ គិតពីបរិស្ថាន និងអនុលោមភាពតាមច្បាប់របស់ជាតិ និងលិខិតបត្រដ្ឋានគតិយុត្តនានា ៕
ដោយ ៖ សិលា