ខេត្តរតនគិរី÷ លោក ឆិន រដ្ឋា ចៅសង្កាត់បឹងកន្សែង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ឧសភា ថា បុរសជនជាតិដើមភាគតិចកាចក់ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅស្រុកអូរជុំ ក្រោយពីអន្តរាគមន៍ពីលោកស្រី កែវ ដាវី ស្នង ការរងនគរបាលខេត្តទទួលផែនការងារការពារអនិតិជននិងយិនឌ័រ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពចាក់ ទឹកក្តៅមកលើប្រពន្ធបណ្ដាលឲ្យរលាកពេញរាងកាយ។
លោកឆិន រដ្ឋា បានបញ្ជាក់ថា បុរសជាប្តីសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ រចំ ខៀន អាយុ៣២ឆ្នាំ ជនជាតិកាចក់ មុខ របរកសិករ។ ជនរងគ្រោះជាប្រពន្ធត្រូវបានប្ដីចាក់ទឹកក្តៅបណ្ដាលឲ្យរលាកពេញដងខ្លួននោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
បើយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានឲ្យ ដឹងថា កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អ្នកទាំង ២ រស់ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ជនរងគ្រោះជាប្រពន្ធឈ្មោះ ពិន វាល អាយុ៣៣ឆ្នាំ ជនជាតិព្រៅ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងមកពីផឹកស៉ីស្រវឹងនៅផ្ទះអ្នកជិតខាង។ ពេលមកដល់ផ្ទះវិញក៏បានយកត្បាល់សម្រាប់ទុកបុកគ្រឿង យកមកវាយក្បាលនាងពីក្រោយ ធ្វើឲ្យនាងដួល រួចក៏បានលើកឆ្នាំងដែលកំពុងដាំទឹកក្តៅពុះធ្វើជាសំឡស្លរហូប មកចាក់ពីលើរាងកាយរបស់នាងតែម្តង។
រហូតមកដល់វេលាម៉ោង៦និង២០នាទី ប្តីនាងក៏បានគំរាមកំហែងថានិងចាក់សម្លាប់នាងទៀត ខណៈនោះនាងក៏ភ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ទើបនាង សម្រេចចិត្តមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែងតែម្តង។ ប្តីនាងធ្លាប់បានធ្វើសកម្ម ភាពប្រើអំពើហិង្សាមកលើនាងជាលើកទី២មកហើយ។
បច្ចុប្បន្ន បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី ៕