ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖​ ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា​ ដោយទទួលបានគោលការណ៍អនុញ្ញាតពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ដោយមាន លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាហត្ថលេខី។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើសដ៏សំបូរបែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។ ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ បានចូលរួមប្រមូលចំណូលប្រមាណ ៥,៧ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ ក.អ.ក.។

សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយកដ្ឋានមន្ត្រី ប្រធាន ក.អ.ក. និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានធ្វើការខិតខំប្រឹងប្រែងជំរុញទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលធានាបាននូវចីរភាពនៃការអភិវឌ្ឍនប្រកបដោយភាពធន់ ស្របតាមគោលដៅយុទ្ធសាស្ត្រ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ ក.អ.ក. បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអនុវត្តអាទិភាពគន្លឹះទី៥ “បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ដោយបានធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនិងធនធានក្នុងស្ថាប័ន។

...

ជាងនេះទៅទៀត ក.អ.ក. បាននិងកំពុងធ្វើការតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹង ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅតភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងៗ ទៀតក្នុងដំណាក់កាលបន្តបន្ទាប់នាខាងមុខ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print