រឿង ជីវិតជាប់គុកឥតជញ្ជាំង

ចែករំលែក៖

រដូវប្រមូលផលបានមកដល់ នៅតាមវាលមានមនុស្សម្នាកុះករកំពុងតែច្រូតកាត់ស្រូវ និងប្រមូលផលដាក់លើរទេះយកមកផ្ទះរៀបចំទុកដាក់។ ជានិច្ចកាលពេលប្រជាជនកំពុងតែច្រូតកាត់តែងតែមានឮសំឡេងខ្ទរញ័រដីពីចម្ងាយ ធ្វើឲ្យប្រជាជនមានការភិតភ័យយ៉ាងខ្លាំង ហើយពេលបានឮសំឡេងបែបនេះម្ដងៗប្រជាជនតែងនាំគ្នារត់ប្រជ្រៀតគ្នាទៅរកលេណដ្ឋាន(ត្រង់សេ)នៅក្បែរខ្លួន ដើម្បីគេចចេញពីគ្រាប់បែក។ ប្រហែលកន្លះម៉ោងក្រោយមក ពេលដែលសំឡេងស្ងប់ស្ងាត់ប្រជាជននាំគ្នាលូនចេញមកតិចៗ រួចប្រមូលស្រូវគោក្របីនិងរបស់របរផ្សេងទៀតត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ការភ័យរន្ធត់ត្រូវបានកាត់បន្ថយបន្តិចម្ដងៗ បន្ទាប់ពីឮដំណឹងមកថា មានក្រុមកងទ័ពតស៊ូរំដោះឬហៅថា កងទ័ពខ្មែរក្រហម នៅតាមជាយដែន និងភូមិស្រុកមកជួយរំដោះប្រជាជនឲ្យរួចផុតពីសង្គ្រាមដែលកំពុងតែកើតឡើង។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានវាយយកបានទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ជាថ្ងៃដែលប្រជាជននាំគ្នាអបអរសាទរទៅនឹងរបបថ្មីនេះយ៉ាងច្រើនកុះករ ដោយសង្ឃឹមថាសង្គ្រាមនឹងត្រូវបញ្ចប់។ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុករបស់ប្រជាជនឡើយ ប្រមាណជា ៣ ម៉ោងក្រោយមក កងទ័ពខ្មែរក្រហមបានប្រកាសថា ប្រជាជនទាំងអស់នឹងត្រូវជម្លៀសចេញពីទីក្រុងភ្នំពេញឲ្យទៅជនបទរយៈពេល ពីរ ឬបីថ្ងៃដោយមិនចាំបាច់យករបស់របរទៅនោះទេ។ ចំណែកឯប្រជាជននៅតាមតំបន់ជនបទវិញ ខ្មែរក្រហមបានចាត់ឱ្យធ្វើស្រែចម្ការ ដាំបន្លែហើយប្រជាជនខ្លះត្រូវជម្លៀសចេញពីភូមិទៅនៅកន្លែងផ្សេងដែរ។
ក្នុងចំណោមប្រជាជនខ្មែររងគ្រោះទាំងអស់ ក៏មានគ្រួសារតាយី យាយនូ ដែរ។ តាយី យាយនូមានកូនចំនួន៣នាក់។ កូនប្រុសច្បងរបស់គាត់ឈ្មោះ យូ មានអាយុ ២៨ ឆ្នាំបានបួសធ្វើជាព្រះសង្ឃ ហើយកូនស្រីចំនួន២ នាក់ទៀតដែលម្នាក់ឈ្មោះ នី មានអាយុ ២៤ ឆ្នាំ និងម្នាក់ទៀតឈ្មោះនឿន មានអាយុ ១៣ ឆ្នាំ។ កូនស្រីទាំងពីរនាក់រៀនបានតិចតួច ហើយនៅជួយធ្វើការងារផ្ទះ និងស្រែចម្ការ។ នៅក្នុងភូមិដែលតាយីរស់នៅមានតាជឹម តាវុធ ធ្វើជាមេភូមិ និងពួកកងឈ្លបជាច្រើននាក់ទៀត ភាគច្រើនជាអ្នកដែលមិនបានរៀនសូត្រទេ។
ក្រោយពីខ្មែរក្រហមចូលមកកាន់កាប់ភូមិរបស់តាយីបានមួយរយៈ តាយីបានធ្លាក់ខ្លួនឈឺ។គាត់ត្រូវខ្មែរក្រហមវាយធ្វើបាបដោយចោទគាត់ថា មាន ជាប់សាច់ឈាមនឹងសម្ដេចសីហនុថែមទាំងគាត់ធ្លាប់ធ្វើជាទាហាននៅក្នុងរបបសាធារណរដ្ឋខ្មែរដែរ។ តាយី ត្រូវអង្គការចាត់ឱ្យធ្វើស្រែ និងការងារផ្សេងៗទៀតដូចប្រជាជនដទៃ។ បន្ទាប់ពីធ្វើស្រែជាលក្ខណៈប្រវាស់ដៃគ្នាបែបសហករណ៍បានមួយឆ្នាំ មេភូមិបានចាត់បញ្ជូនប្រជាជនមួយចំនួនដែលជាកងចល័ត បុរសនារី កុមារ និងចាស់ជរាឱ្យធ្វើការទៅតាមតំបន់រៀងៗខ្លួនវិញ ហើយបានប្រមូលយករបស់របរនិងទ្រព្យសម្បត្តិរបស់ប្រជាជនដាក់រួមដែរ។ គ្រួសាររបស់យាយ នូ ត្រូវបានអង្គការបំបែកចេញពីគ្នា។ កូនប្រុសច្បងរបស់គាត់ ត្រូវបានអង្គការសឹកឲ្យទៅធ្វើស្រែនៅក្នុងឃុំឆ្ងាយពីភូមិ។ ចំណែក នី វិញនៅជាមួយកងចល័តនារីត្រូវធ្វើស្រែនៅក្នុងខេត្តព្រៃវែង ហើយយាយ នូ និងនឿនជាកុមារត្រូវឲ្យនៅធ្វើស្រែក្នុងភូមិដដែល។ យាយ នូ ត្រូវបានអង្គការចាត់ឲ្យដាំបន្លែ ស្រោចទឹកដំណាំ រែកទឹកដាក់ពាង។ គាត់ធ្វើការមិនដែលហ៊ានប្រកែកឡើយ និងស៊ូទ្រាំអត់ធ្មត់ខ្លាំងណាស់ ទោះបីជាពេលខ្លះគាត់ឈឺក៏ដោយ។ ឯក្រុមកុមារវិញ នឿន ត្រូវអង្គការចាត់ឱ្យទៅមើលគោ រើសអាចម៍គោក្របីហើយពេលខ្លះទៅជញ្ជូនសំណាបឱ្យចាស់ៗស្ទូង។ នឿន ជាក្មេងឧស្សាហ៍ហើយឆ្លាតណាស់។
រៀងរាល់ព្រឹកព្រហាមម៉ោង ៣ ព្រឹក យាយ នូ ត្រូវក្រោកទៅធ្វើចម្ការ រែកទឹកនិងដងទឹកដាក់ពាង ហើយពេលខ្លះទៅជួយធ្វើស្រែ។ នៅក្នុងរបបខ្មែរក្រហម។គ្មាននរណាម្នាក់មានពេលទំនេរបានសម្រាកឡើយ។ ម្នាក់ៗត្រូវធ្វើការរហូតដល់ម៉ោង ១១ ទើបបានបបរាវរាវហូប។ លុះហូបរួចពួកគេត្រូវចាប់ផ្ដើមធ្វើការបន្តរហូតដល់ម៉ោង ៥ ល្ងាចទៀតទើបបានទៅផ្ទះសម្រាក។ ចំណែកឯ នឿន ត្រូវក្រោកតាំងពីម៉ោង ៥ ព្រឹក ទៅដឹកគោយកទៅស្រែបន្ទាប់មកដើររើសអាចម៍គោរហូតដល់ម៉ោងសម្រាកថ្ងៃត្រង់ រួចពេលរសៀលត្រូវដឹកជញ្ជូនកណ្ដាប់ដាក់តាមវាលស្រែទល់ម៉ោង ៥ ល្ងាចទើបបានសម្រាក។ ការជួបជុំគ្នារវាងម្ដាយ និងកូនបានតែពេលយប់នោះទេ ហើយមិនអាចនិយាយអ្វីបានច្រើនដែរព្រោះមានកងឈ្លនដើរយកការណ៍នៅតាមផ្ទះនៅពេលយប់ៗ។
ចំណែកពូ យូ ដែលជាសង្ឃទើបតែសឹកថ្មីៗ ត្រូវអង្គការចាត់ឱ្យធ្វើស្រែនៅក្នុងឃុំ។ គាត់ជាអ្នកចេះដឹងគួរសមដែរ ព្រោះគាត់បានបួសរៀនសូត្រនៅក្នុងវត្ត។ថ្ងៃមួយគាត់មានគំនិតថា មិនអាចនៅទ្រាំទ្រនិងរបបផ្ដាច់ការឃោរឃៅរបស់ខ្មែរក្រហមទៀតបានទេ។ គាត់បានលួចទៅរកគ្នីគ្នាពិភាក្សាក្នុងគោលបំណងរត់ចូលទៅនៅក្នុងព្រៃតស៊ូប្រឆាំងនឹងរបបនេះ។ ឈាងមានគំនិតស្របជាមួយនឹងពូយូរដែរ។ គាត់បានស្គាល់ប្រធានធំមួយនៅក្នុងក្រុមតស៊ូ។ ក្រោយពីបានស៊ើបសួរបានដឹងរកឃើញថា មានអ្នកចង់រត់ដូចគ្នា ឈាង និង ពូយូ បានលួចទៅជជែកគ្នារៀបចំផែនការដើម្បីរត់ទៅតស៊ូក្នុងព្រៃមួយនៅមិនឆ្ងាយពីទីកន្លែងដែលគាត់រស់នៅប៉ុន្មាននោះទេ។ ក្រោយរៀបចំផែនការបានច្បាស់លាស់ហើយ គាត់បានប្រមូលគ្នាលួចរត់ទៅចូលក្នុងព្រៃនៅពេលយប់ ឆ្ពោះតម្រង់ទៅរកព្រៃក្រសាំង និងព្រៃចំការចេកដែលនៅជាប់នឹងព្រំដែនវៀតណាម។ ពូឈាង និង ពូយូបានវង្វេងបាត់ចេញពីក្រុម ហើយសម្រេចចិត្តត្រឡប់មកវិញដោយកុហកមេភូមិថា ពួកគាត់ត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅឆ្ងាយរយៈពេល ៣ ថ្ងៃនោះ។

ពូយូ មិនដែលបានមកជួបជុំម្ដាយ និងប្អូនៗនោះទេ ដោយសារជំរំដែលគាត់រស់នៅស្ថិតនៅឆ្ងាយពិបាកលួចរត់ស្កាត់មកជួបពេក។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print