ខេត្តបន្ទាយមានជ័យ ៖ ប្រជានេសាទកត់សម្គាល់ឃើញត្រីនៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្គ្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិទី៥ ដែលជាអ្នកដឹកនាំកម្លាំងយោធាប្រតិបត្តិការបង្ក្រាបទល្មើសនេសាទ បានថ្លែងថា ត្រីក្នុងបឹងទន្លេសាបចាប់ផ្តើមសម្បូរឡើងវិញហើយ ដែលមានកន្លែងខ្លះសម្បូរដូចស្រះចិញ្ចឹម។
ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥ ដែលមានអង្គភាពកងពលថ្មើរជើងលេខ៥១ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុងភូមិសាស្គ្រខេត្តទាំង៣ខាងលើ ។
លោកឧត្តមសេនីទោ បញ្ជាក់ថា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ឱ្យរូបលោក ជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដឹកនាំកម្លាំងយោធភូមិភាគទី៥ ចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ និងបានបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់ប្រជានេសាទត្រូវប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងដែលកំពុងអនុវត្តការងារ។
បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំងចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិឱ្យមានពងកូនបន្តពូជ ជាក់ស្តែងពេលនេះកំពុងចាប់ផ្តើមសម្បូរត្រីហើយក្នុងបឹងទន្លេសាប ៕