ភ្នំពេញ៖ រថយន្តឡិចស៊ីសRX400hមួយគ្រឿងខណៈអ្នកបេីកបរស្រវឹងស្រាបានជ្រុលទៅបុកម៉ូតូកង់បីដែលជិះដោយបុរសម្នាក់ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីរងការខូចខាត ហើយរថយន្តបង្កបានព្យាយាមបេីករត់ដល់មូលដ្ឋានខណ្ឌទួលគោកក៏ត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់អោយសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥នៅចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AC-3887 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុឃើញភ្លេីងស្តុបអាទិភាព ម៉ូតូក៏បន្តបេីកតិចៗទៅមុខ គាប់ជួនពេលនោះក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តម៉ាកឡិចស៊ីសRX400h ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3186 បានធ្វើដំណើរតាម ទិសដៅស្របគ្នាយ៉ាងលឿនក្នុងពេលដែលអ្នកបើកបរស្រវឹងផងក៏ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យមនុស្សរងរបួសរលាត់ដៃជើងតិចតួច ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកខាងមុខ តែភ្លាមៗនោះអ្នកបេីកបរ មិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបេីករថយន្តរត់គេចរហូតដល់ជិតវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោមកែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកក៏ត្រូវបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់អោយសមត្ថកិច្ចជំនាញតែម្តង ។
ក្រោយកេីតហេតុ សមត្ថកិច្ចសម្រេចយកមធ្យោបាយទាំងអស់រួមទាំងអ្នកបេីកបរ ទៅផ្នែកជំនាញនៃអធិការខណ្ឌបឹងកេងកងដេីម្បីរង់ចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ
