ទូរទស្សន៍ CNN បានដកស្រង់ប្រភពពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ដែលបានដឹងពីព័ត៌មានសម្ងាត់នេះ បានឱ្យដឹងថា អ៉ីស្រាអែលកំពុងត្រៀមលក្ខណៈបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
តាម CNN វាមិនទាន់ច្បាស់ថាតើមេដឹកនាំអ៉ីស្រាអែលបានធ្វើការសម្រេចចិត្តចុងក្រោយហើយឬក៏យ៉ាងណានោះទេ ខណៈមានការខ្វែងគំនិតគ្នានៅក្នុងជួររដ្ឋាភិបាលអាមេរិកអំពីថាតើអ៉ីស្រាអែលពិតជានឹងសម្រេចចិត្តបើកការវាយប្រហារឬក៏អត់? CNN បានបន្តទៀតថា លទ្ធភាពដែលអ៉ីស្រាអែលអាចនឹងបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានខែថ្មីៗនេះ។ បន្ថែមពីលើនេះ ប្រភពដែល CNN ទទួលបានក៏បានបង្ហើបផងដែរថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទំនងជាអាចនឹងកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដែលមិនរំសាយចោលនូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់របស់អ៉ីរ៉ង់ទេនោះ។
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងដឹកនាំកិច្ចចរចាជាមួយអ៉ីរ៉ង់ ក្នុងគោលដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ ប៉ុន្តែ កិច្ចចរចា ប៉ុន្មានជុំមកនេះមិនទាន់មានលទ្ធផលអ្វីជាធំដុំនៅឡើយទេ។ កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បាននិយាយដែរថាការទាមទាមរបស់អាមេរិកឱ្យ អ៉ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាការទាមទារជ្រុលហួសហេតុពេក ជាមួយការបង្ហាញពីការសង្ស័យថា តើកិច្ចចរចាបច្ចុប្បន្នស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីអាចនឹងទទួលបានជោគជ័យ ឬក៏អត់នោះទេ៕ ដោយធីរីណា
រូបថត: TTXVN