ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។ ដូចនេះដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពចំពោះសម្តេច រដ្ឋបាលក្រុងព្រះសីហនុ ហាមឃាត់ដាច់ខាតការបង្ហោះដ្រូន “Drone” គ្រប់ប្រភេទ ដើម្បីថតយករូបភាព និងចាប់យកព័ត៌មានផ្សេងៗនៅជុំវិញបរិវេណក្បែរភូមិគ្រឹះសម្តេច ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងករណីមានការបង្ហោះដ្រូន “Drone” ដោយគ្មានការអនុញ្ញាត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធាន ការតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់សកម្មភាព និងពុំទទួលខុសត្រូវលើការខូចខាតនោះឡើយ។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ និងយោគយល់អធ្យាស្រ័យ។ រដ្ឋបាលក្រុងសង្ឃឹមនិងជឿជាក់ថា សាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ដោយ៖តារា