ភ្នំពេញ ៖ រូបភាពវឌ្ឍនភាពចុងក្រោយនៃ«អាកាសយានដ្ឋានអន្តរជាតិតេជោ »លំដាប់ថ្នាក់ 4F ដែលនឹងបើកឱ្យប្រតិបត្តិការទទួលជើងហោះហើរ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា។
សូមបញ្ជាក់ថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបាន។
គិតត្រឹមពេលនេះ ជាព្រលានយន្តហោះលំដាប់ 4F របស់កម្ពុជាសាងសង់បានប្រមានជិត ១០០ភាគរយហើយ នៅចំណុចតូចៗជាច្រើនទៀត ជាការងារបច្ចេកទេសដែលទាមទារក្រុមការងារជំនាញនានាសហការគ្នា ដើម្បីដោះស្រាយតាមផែនការដែលបានកំណត់ដោយរាជរដ្ឋាភិបាល៕
ដោយ ៖ សិលា