អន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធ ២៥ភាគរយលើទូរសព្ទរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្សេង ដែលមិនត្រូវបានផលិតនៅអាម៉េរិក។ ពន្ធនេះ ត្រូវបានលោក ត្រាំ ព្រមានដាក់នៅដំណាច់ខែក្រោយ ។
«វានឹងមានបន្ថែមទៀត។ វានឹងមានលើក្រុមហ៊ុន Samsung និងក្រុមហ៊ុនផ្សេងទៀត ដែលផលិតទូរសព្ទ»។ លោក ត្រាំ បានសង្កត់ធ្ងន់បែបនេះ នៅសេតវិមាន បន្ទាប់ពីចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយចំនួន។ បើតាមមេដឹកនាំមានវ័យចាស់វស្សារូបនេះ ពន្ធគយ ២៥ភាគរយនោះ អាចដាក់នៅដំណាច់ខែមិថុនា។
ក្រុមហ៊ុន Apple ជាក្រុមហ៊ុនមួយ ដែលបានរចនាទូរសព្ទនៅក្នុងដីអាម៉េរិក ប៉ុន្តែផ្នែកនៃទូរសព្ទ ត្រូវបានដំឡើងភាគច្រើននៅចិន។ ក្នុងពេលបច្ចុប្បន្ន សង្រ្គាមពាណិជ្ជកម្មអាម៉េរិក និងចិន បានថមថយបន្តិច ដោយសារភាគីទាំងពីរ បានឯកភាពកាត់បន្ថយពន្ធគយ ១១៥ភាគរយ រយៈពេល ៩០ថ្ងៃ ដើម្បីចរចា។
តាមរយៈសំណេរលើបណ្តាសង្គម Truth Social ក្នុងថ្ងៃទី២៣ ខែឧសភា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានព្រមានដាក់ពន្ធគយ ២៥ភាគរយលើទូរសព្ទរបស់ក្រុមហ៊ុន Apple ដែលមិនត្រូវបានផលិតនៅអាម៉េរិក។ ពន្ធដូចគ្នានេះ ក៏នឹងដាក់លើក្រុមហ៊ុនផ្សេងផងដែរ ប្រសិនបើមិនផលិតនៅអាម៉េរិក ៕
ដោយ ៖ សិលា