រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យឪពុក ម្តាយលើកទឹកចិត្ត និងជំរុញកូនរៀនឱ្យចប់ កុំបោះបង់កណ្តាលផ្លូវ និងរៀនឱ្យចេះ ដើម្បីអនាគតខ្លួនឯង គ្រួសារ ដើម្បីក្លាយជាគ្រឹះដ៏រឹងមាំរបស់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឱ្យឪពុក ម្តាយ និងអាណាព្យាបាលទាំងអស់ សូមជំរុញ និងលើកទឹកចិត្តកូនរបស់ខ្លួន ឱ្យបន្តការសិក្សា កុំបង់បង់កណ្តាលផ្លូវ និងរៀនឱ្យចប់ ដើម្បីមានចំណេះដឹងគ្រប់ស្វែងរកឱកាសកាសការងារ សម្រាប់អនាគតរបស់ខ្លួន គ្រួសារ និងប្រទេសជាតិ។ ការប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះ និងជំនាញមួយពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំនៃធនធានមនុស្សរបស់ជាតិ។

ការជំរុញបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោក និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់ពលរដ្ឋក្នុងមូលដ្ឋានស្រុកស្នូលថា លោកនឹងខិតខំធ្វើការជាមួយស្ថានទូតឥណ្ឌា ប្រចាំកម្ពុ ជា ដើម្បីនាំយកគម្រោងដោយអាចមានលទ្ធភាព យកកុំព្យូរទ័របំពាក់នៅតាមសាលារៀនដែលនៅដាច់ស្រយាលពីទីប្រជុំ ដើម្បីអាចអនុញ្ញាតឱ្យកូនសិស្សានុសិស្សអាចរៀន ស្រាវជ្រាវតាមកុំព្យូទ័រនូវមេរៀនថ្មីៗ ក្នុងការបង្កើននូវចំណេះដឹងរបស់ពួកគាត់ផងដែរ។

លោក នេត្រ ភក្ត្រា បានស្នើសុំដល់ឪពុក ម្តាយ និងអាណាព្យាបាលយ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើដល់ អ៊ុំ ពូ មីង ទាំងអស់ សុំឱ្យជំរុញ និងលើកទឹកចិត្តដល់កូនឱ្យបន្តខិតខំរៀនសូត្រ បើទោះបីជាមានការលំបាកក៏ដោយ កុំឱ្យកូនឈប់រៀន យើងសុខចិត្តលំបាករយៈពេលខ្លី ប៉ុន្តែ យើងត្រូវឱ្យកូនៗរបស់យើងរៀន មានចំណេះដឹង ធ្វើការងារបានប្រាក់ខែគឺយើងមានរយៈពេលវែង»។

ពាក់ព័ន្ធនឹងការគុណតម្លៃនៃការអប់រំនេះដែរ, ត្រូវបានលោក នេត្រ ភក្ត្រា បានលើកឡើងថា ប្រសិនបើឪពុក ម្តាយ និងអាណាព្យាបាលដែលជួបការលំបាក់រួចទៅហើយ ប៉ុន្តែ បែរជាមិនប្រឹងប្រែងជំរុញឱ្យកូនរបស់ខ្លួន ខិតខំជម្នះ ដើម្បីសិក្សាចប់ចុង ចប់ដើមនោះទេនឹងធ្វើឱ្យជីវភាពកាន់តែលំបាកនៅក្នុងរយៈពេលវែងជាដើម។ 

លោក នេត្រ ភក្ត្រា ក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ នៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នូល ស្រុកស្នូលនេះ នឹងផ្តល់ក្តីសង្ឃឹមបន្ថែមដល់សិស្សានុសិស្ស ដើម្បីមានថាមពលអគ្គិសនីគ្រប់គ្រាន់ពន្លឺមើលមេរៀននៅពេលរាត្រីផងដែរ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា សូមឱ្យសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រ កុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា មានបន្តភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោក នេត្រ ភក្ត្រា បានអំពាវដល់មាតាបិតាទាំងអស់ឱ្យអប់រំដល់កូនៗឱ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ដើម្បីឱ្យយុវជនជាទំពាំងស្នងឬស្សីបម្រើប្រទេសជាមានការីកចម្រើន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print