ខេត្តសៀមរាប៖ អាគារអាយុកាលជាង១០០ឆ្នាំ នៅផ្នែកពាយ័ព្យប្រាសាទបាយ័ន ត្រូវបានអាជ្ញាធរជាតិអប្សរា ជួសជុលឡើងវិញ។ អាគារនេះ ជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំង នាអំឡុងឆ្នាំ១៩២៤ សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ នេះបើយោងតាមប្រភព រូបភាព អាជ្ញាធរជាតិអប្សរា និងលោក Oliver CUNIN
ក្រោយមកដោយមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំបាន អាគារអភិរក្សដ្ឋានថ្មីមួយទៀតត្រូវបានសាងសង់ឡើង ដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយសព្វថ្ងៃនេះ។
អគាររោងអភិរក្សអង្គរទី១ ត្រូវបានកែលម្អ និងលើកតម្លៃឡើងវិញ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបានសិក្សាស្វែងយល់ពី ការងារអភិរក្សនៅសម័យមុន។ ការជួសជុលឡើងវិញនេះ ជាផ្នែកមួយក្នុងការរៀបចំវង់ទស្សនាថ្មីបន្ថែមទៀត ដើម្បីឱ្យទេសចរ អាចទស្សនាគ្រប់ជ្រុងជ្រោយ ក្នុងអតីតក្រុងអង្គរធំដ៏ល្បីល្បាញ។
ក្រៅពីទីតាំងបង្ហាញសម្ភារ ឬការងារអភិរក្ស និងជួសជុល ទីនេះក៏នឹងមានការរៀបចំជាសាលពិព័រណ៍បង្ហាញភ្ញៀវទេសចរពីប្រាសាទនានាក្នុងតំបន់អតីត ក្រុងអង្គរធំនេះផងដែរ។
អគាររោងជាងសម័យបារាំងនេះ ក៏នឹងក្លាយជាទីតាំងប្រគល់ និងទទួលរាល់សម្ភារដែលភ្ញៀវទេសចរ បាត់ ឬភ្លេច (lost and found) នៅតំបន់អង្គរផងដែរ៕
ប្រភព ៖ «អាជ្ញាធរជាតិអប្សរា»