ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមុិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបកំណើតគម្រប់៩១ឆ្នាំ ឈានចូល៩២ឆ្នាំ ដែលដាក់ថា ៖ «រីករាយថ្ងៃកំណើតលោកតាជាទីស្រឡាញ់» ។
សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅនៅក្នុងភូមិអន្លង់ក្រេះ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សម្តេចមានឧត្តមភរិយាឈ្មោះ សៅ ទី និងមានកូន៤នាក់។
យោងតាមឯកសារស្រាវជ្រាវរបស់ លោក គាំម កុសល និងសាស្ត្រចារ្យ ដៀប សុផល ឥស្សរជនកំពូលរូបនេះ បានសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាមនាអំឡុងឆ្នាំ១៩៥៤ និងធ្លាប់រៀនវគ្គនយោបាយជាន់ខ្ពស់នៅប្រទេសវៀតណាម។
នៅឆ្នាំ១៩៦៩ សម្តេច ហេង សំរិន មានតួនាទីជាប្រធានកងអនុសេនាតូច ចលនាប្រដាប់អាវុធ (ផ្នែក៦) តំបន់២០ ភូមិភាគ បូព៌ា (២០៣) ហើយជាបន្តបន្ទាប់សម្តេចបានក្លាយជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ក្នុងឆ្នាំ១៩៧៩ ។
នៅឆ្នាំ១៩៨១ សម្តេចជាអគ្គលេខាធិការមជ្ឈិមបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោយមកជារដ្ឋកម្ពុជា) ហើយចាប់ពីឆ្នាំ១៩៩១ សម្តេចជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សម្តេចក្លាយជាអ្នកតំណាងរាស្ត្រ។ សម្តេចកាន់កាប់តំណែងជាប្រធានរដ្ឋសភាជាតិចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៣។ សម្តេចបានទទួលគោរម្យងារជា «សម្ដេចអគ្គមហាពញាចក្រី» ពីព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។
សូមបញ្ជាក់ថា ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រារព្ធខួបកំណើតឈានចូលអាយុ៩២ឆ្នាំ មានព្រះរាជសារ សារគោរពជូនពរជាច្រើនពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំក្នុងស្ថាប័ន និងឯកជន
សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត គោរពជូនចំពោះសម្តេចអគ្គមហាពញាចក្រី ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ គឺបានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតសូមគោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រីដែលបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា រួមចំណែកកសាងនូវគ្រឹះសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លៀតឡើយ ៕
ដោយ ៖ សិលា