ភ្នំពេញ៖ លោកឃួង ស្រេង និងមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យលូប្រឡាយរំដោះទឹកជំនន់នៅខណ្ឌចំនួន៥នាភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ មានខណ្ឌសែនសុខ, ពោធិសែនជ័យ, កំបូល,មានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោបាយក្នុងការបញ្ជៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលប្រឡាយអមផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិ
ម័លនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោនិងខណ្ឌមានជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងការចុះពិនិត្យ មើលលូ ប្រឡាយខាងលើនេះ លោកអភិបាលរាជធានីបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ ត្រូវកាយប្រឡាយអូលែក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនឹងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូរបានលឿនពីផ្លូវជាតិលេខ៤ ។ទី២រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។
លោកអភិបាល បានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹករបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕