ទីក្រុងគូឡាឡាំពួ ៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី បាននិយាយថា ប្រទេសទីម័រឡេស្តេ ខិតកាន់តែជិតមួយជំហានទៀតហើយ ដើម្បីសម្រេចក្តីបំណងយូរមកហើយរបស់ខ្លួន ក្នុងការចូលរួមជាមួយសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ឬអាស៊ាន ដោយអាចនឹងក្លាយជាសមាជិកទី១១ នៅខែតុលា ឆ្នាំ២០២៥នេះ។
ថ្លែងមុនកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា ទីម័រឡេស្តេសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងការអនុវត្តផែនការដើម្បីឱ្យខ្លួនអាចចូលរួមជាមួយអាស៊ាន ហើយលោកអះអាងថា ទីម័រអាចនឹងទទួលបានការផ្តល់សមាជិកភាពពេញលេញ អំឡុងកិច្ចប្រជុំបន្ទាប់របស់អាស៊ាន នាខែតុលាខាងមុខ។ សម្រាប់ឆ្នាំនេះ ម៉ាឡេស៉ីកំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។
គួរបញ្ជាក់ថា ទីម័រឡេស្តេជាប្រទេសក្មេងខ្ចីជាងគេបង្អស់ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដោយទើបទទួលបានឯករាជ្យពីឥណ្ឌូណេស៉ី កាលពីឆ្នាំ២០០២ ក្រោយស្ថិតក្រោមការត្រួតត្រា អស់រយៈពេល២៤ឆ្នាំ។ ប្រទេសដែលមានប្រជាជន១.៣លាននាក់មួយនេះ បានដាក់សំណើសុំចូលជា សមាជិកអាស៊ាន តាំងតែពីឆ្នាំ២០១១។ ទីម័រទទួលបានឋានៈជាសមាជិកអង្កេតការណ៍ នៅអាស៊ាន កាលពីឆ្នាំ២០២២។
សូមបញ្ជាក់ថា ៖ គណៈប្រតិភូប្រធានសភាទីម័រឡេស្តេ សម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងឱ្យបានចូលជាសមាជិកអាស៊ាននៅចុងឆ្នាំនេះ ។
គណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេ បានជួបមិនផ្លូវការជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភា។ នៅក្នុងជំនួបនោះ ភាគីទីម័រឡេស្តេរីករាយណាស់ចំពោះដំណឹងបានចូលសមាជិកអាស៊ានចុងឆ្នាំនេះ និងសំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះទីម័រឡេស្តេ ៕
ដោយ ៖ សិលា