ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ,កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់សង្ស័យ៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនសង្ស័យចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។

ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាត បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់ រួចក៏បានបើកចេញទៅបាត់។

លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល, ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យ ឃើញមានសាក សពម្នាក់​មិនទាន់ស្គាល់​អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជនជាតិចិនកប់ក្នុងប្រឡាយ។

ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវៈយវៈ ​ពុំមានស្លាកស្នាម​អ្វីគួរកត់សម្គាល់។

យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋម​ពីលោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ ដោយសារគាំងបេះដូង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយ​ដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។

ក្រោយសាកសួរ ក្នុងចំណោមជនសង្ស័យខាងលើ បានឆ្លើយអះអាងថា ជនរងគ្រោះឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើត មានជំងឺ​ក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២ គ្រឿងខាងលើ ដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយ​ដែលខ្លួនមិនស្គាល់ តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។

ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print