សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ដែលនឹងដាក់បញ្ជូលជាសមាជិកពេញសិទ្ធិអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន លោក Kay Rala Xanana GUSMÃO នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសដែល សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងដាក់បញ្ជូលជាសមាជិកពេញសិទ្ធិអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ
នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
រដ្ឋធានីឌីលី
ឯកឧត្តមជាទីរាប់អាន!

ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលខ្ញុំបានដឹងពីសេចក្តីប្រកាសដ៏មានសារៈសំខាន់ របស់ប្រធានអាស៊ាន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Dato’ Seri Anwar Ibrahim ក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ស្តីពីការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រខាងកើតក្នុងពេលដ៏ខ្លីខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាខណៈវេលា ដ៏មានមោទនភាពមួយសម្រាប់ប្រជាជនទីម័រ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្ត របស់អាស៊ានចំពោះសមាហរណកម្មក្នុងតំបន់។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។ ការចូលជាសមាជិកជាផ្លូវការរបស់ទីម័រឡេស្តជា សមាជិកទី១១ នៃអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីការចូលជាសមាជិកអាស៊ានជាគោលការណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ នៅកម្ពុជាក្នុងឆ្នាំ២០២២ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់តំបន់របស់យើង។

ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពអាស៊ានរបស់ ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការលើកកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។ ប្រឈមមុខនឹងបរិការណ៍សកលលោក កាន់តែស្មុគស្មាញ ការដាក់បញ្ចូលទីម័រឡេស្ដេជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមរបស់យើង សម្រាប់សហគមន៍អាស៊ានដែលធន់និងស្អិតរមួត។ យើងទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីជំរុញគោលដៅទៅវិញទៅមក របស់យើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

សូម ឯកឧត្តម ទទួលយកជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។

ហ៊ុន សែន

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print