ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសកម្ពុជា បានអះអាងថា ក្រោមការដឹកនាំ របស់សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រកម្ពុជា-ចិន មិនមានការថមថយនោះទេ ប៉ុន្តែ មានតែរីកចម្រើន និង កាន់តែរឹងមាំ។
លោក ទៀ សីហា បានបញ្ជាក់ដូច្នេះ ក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅលើទឹកដី នៃខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការជាផ្លែផ្កាកន្លងមក និងបានឈានទៅដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលកន្លងមក បញ្ជាក់ឲ្យឃើញថា ការទំនាក់ទំនងកាទូតជាប្រវត្តិសាស្ត្រ ហើយមានភាពស្និទ្ធស្នាលយ៉ាងរឹងមាំ រវាងប្រទេសទាំង២ មិនអាចបំបែកសាមគ្គីភាពបាននោះទេ ជាពិសេស គឺរវាងកងទ័ព និងកងទ័ពរបស់ប្រទេសទាំង២។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ជាថ្មីទៀតថា បន្ទាប់ពីបានឃើញនូវសមិទ្ធផល និងលំហូរពាណិជ្ជកម្ម ក៏ដូចជាលំហូរការឧបត្ថម្ភផ្នែកយោធាមកដល់កម្ពុជា ពីភាគីមិត្តចិន ក្នុងនោះកាលពីពេលកន្លងមកថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការទំនាក់ទំនងរវាងកម្ពុជា និងចិន នាពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមូលដ្ឋានសមុទ្ររាម ស្របនឹងសក្ខីភាពរបស់ លោក Xi Jingping ប្រធានរដ្ឋចិន ដែលបានធ្វើទស្សនកិច្ចផ្លូវរដ្ឋ មកកម្ពុជា បានបង្ហាញឱ្យឃើញពីភាពជិតស្និទ្ធ និងការពង្រឹងនូវសាមគ្គីភាព រវាងប្រទេសទាំង២ កាន់តែឈានទៅមុខ។
គួរបញ្ជាក់ថា សមយុទ្ធនាគមាស ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការ បន្ទាប់ពីចំណាយពេលហ្វិកហាត់រួមគ្នា ជាច្រើនថ្ងៃ។ សមយុទ្ធនេះ ចែកចេញជាពីរធំៗ គឺសមយុទ្ធលើគោកនិងអាកាស ព្រមទាំង សមយុទ្ធលើគោកនិងលើទឹក។
លោកឧត្តមនាវីឯក វួយ វិន ហួយ មេបញ្ជាការរង តំបន់យុទ្ធភូមិភាគខាត្បូង នៃកងទ័ពរំដោះប្រជាជនចិន ក៏បានអញ្ជើញថ្លែងសុន្ទរកថា នាពេលនោះដែរ បន្ទាប់ពីប្រធានក្រុមការងារដឹកនាំសមយុទ្ធ ភាគីកម្ពុជា និងភាគីចិនបានឡើងអានរបាយការណ៍បូកសរុប រួចរាល់។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានអញ្ជើញចូលរួម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីយោធា នៃប្រទេសទាំងពីរ មានវត្តមានចូលរួម យ៉ាងច្រើនកុះករ។
ក្នុងពេលនោះ ក៏មានសម្តែងសមយុទ្ធផ្ទាល់ និងការប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណ ពីសំណាក់គណៈអធិបតី ជូនភាគីទាំងសងខាងផងដែរ៕
ដោយ៖តារា